អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឈីក ដែលកំពុងផ្ទុះឡើង
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត ប៊ូ សារិន ប្រធានកម្មវិធីគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅខេត្តសៀមរាប បានករណីផ្ទុះជំងឺឈីក ចំនួនជាង១ពាន់ករណី ហើយជំងឺឈីកនេះ បានឆ្លងមកមនុស្សតាមរយៈការចម្លងពីមូលខ្លា ដែលមិនខុសប្លែកពីជំងឺគ្រុនឈាមនោះទេ ប៉ុន្តែមិនទាន់មានករណីស្លាប់ឡើយ។
លោកវេជ្ជបណ្ឌិត ប៊ូ សារិន មានប្រសាសន៍ទៀតថា ក្នុងឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានរងការគំរាមកំហែងពីជំងឺឈីកច្រើនជាង បណ្តាខេត្តផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ដែលខណៈពេលនេះ ទាំងអាជ្ញាធរខេត្ត និង មន្ត្រីជំនាញ សុទ្ធតែមានការព្រួយបារម្ភជាខ្លាំង ចំពោះករណីជំងឺនេះ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត។
លោកវេជ្ជបណ្ឌិត ប៊ូ សារិន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺឈីក ពិសេសក្នុងករណីដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី២៤ម៉ោង, មានកន្ទួលក្រហមលើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រាណ សូមប្រញាប់ប្រញាល់ទៅរកសេវាព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និង ព្យាបាលទាន់ពេលវេលា។
គួររំលឹកថា រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើការណែនាំឲ្យពលរដ្ឋទាំងអស់អនុវត្តន៍វិធានការការពារជំងឺគ្រុនឈីកដូចជា៖ បំបាត់ប្រភពដង្កូវទឹកមូលខ្លា, ប្រមូលរាល់វត្តុដក់ទឹកបាន ដើម្បីកម្ទេច ឬកប់ចោល, បំបាត់គុម្ពោតស្មៅស៊ុបទ្រុបនៅជុំវិញផ្ទះ, កុំគេងនៅទីងងឹតនៅពេលថ្ងៃ ហើយត្រូវគេងក្នុងមុងជានិច្ច, ទាំងកុមារ និងមនុស្សចាស់ ត្រូវស្លៀកសម្លៀកបំពាក់វែងៗការពារមូលខាំ, បើកទ្វារ បង្អួចផ្ទះឱ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូសខ្លា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។