អភិបាលខេត្ត​បាត់ដំបង ចុះ​ពិនិត្យ​ដំណាំ​ស្រូវវស្សា​ជាច្រើន​ម៉ឺន​ហិកតា កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​

​បាត់ដំបង​៖ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ចូលរួម​ដំណើរ​ជាមួយ​គណៈកម្មការ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ចុះ​ពិនិត្យ​វាយតម្លៃ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​របស់​បងប្អូន​ប្រជាកសិករ ក្នុង​ខេត្តបាត់ដំបង​។​

​ក្រោយពី​បាន​ចុះ​វាយតម្លៃ​ជាក់ស្តែង ក្រុមការងារ​គណៈកម្មកា​រ​ថ្នាក់​ខេត្ត​បាន​ពិនិត្យឃើញថា ជារួម នៅ​ទូទាំង​ខេត្តបាត់ដំបង ដំណាំ​ស្រូវវស្សា​ប្រមាណ​៨០% ដែល​ប្រជាកសិករ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៣៧​ម៉ឺន​ហិកតា មាន​ស្ថានភាព​ល្អប្រសើរ​ហើយ ២០%​ទៀត កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​។

​ដំណាំ​ស្រូវ​ដែល​ប្រឈម​នឹង​ការខ្វះខាត​ទឹក គឺ​សុទ្ធសឹង​ជា​ប្រភេទ​ស្រូវ​បង្កើន​រដូវ ដែល​មួយចំនួន​ប្រជាកសិករ បាន​ដាំ​ដុះ​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភពទឹក និង​មួយចំនួនទៀត​នៅ​តំបន់​ដែល​ប្រភពទឹក ត្រូវបាន​ប្រើប្រាស់​ស្ទើរ​អស់​ទៅលើ​ការ​បង្កបង្កើនផល​ស្រូវប្រាំង និង​ស្រូវ​ដើមរដូវ​កន្លងទៅ ។​

​សូមបញ្ជាក់​ជូន​ថា សម្រាប់​ខេត្តបាត់ដំបង ចាប់តាំងពី​ដើមរដូវ​វស្សា​មកដល់ពេលនេះ ទទួលបានរ​បាយទឹក​ភ្លៀង​ក្នុង​កម្រិត​តិចតួច និង​មិនបាន​រាយប៉ាយ​សព្វគ្រប់​ទីកន្លែង​នោះទេ​។ ការធ្លាក់​ភ្លៀង​មិនបាន​ល្អ​នេះ បានធ្វើឱ្យ​ការ​បង្កបង្កើនផល​ស្រូវវស្សា​នៅ​តំបន់​មួយចំនួន​ប្រឈម​នឹង​ការខ្វះខាត​ទឹក ។

​បើទោះបីជា​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល ប៉ុន្តែ​តាមរយៈ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ដោយមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋបាលខេត្ត​បាត់ដំបង បញ្ហា​ខ្វះខាត​ទឹក​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ហើយ​ដំណាំ​ស្រូវវស្សា​របស់​បងប្អូន​ប្រជាកសិករ ក៏ត្រូវ​បាន​ប្រមូល​ផល​ជា​បណ្តើរៗ​ផងដែរ ជាមួយនឹង​ទិន្នផល​យ៉ាង​ល្អប្រសើរ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close