ណូ​វែ​ល​ហ្សឺ​ឡង់ គាំទ្រ​​កម្ពុជា គ្មាន​គ្រាប់មីន​ត្រឹម​ឆ្នាំ​២០២៥

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួបប្រជុំ​តាម​យៈ​វីដេអូ​ជាមួយ ឯកឧត្តម Taha Macpherson ឯកអគ្គរដ្ឋទូត​ណូ​វែ​ល​ហ្សឺ​ឡង់ ប្រចាំ​នៅ​កម្ពុជា ថៃ និង​ឡាវ ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ស្តីពី​ការចូលរួមចំណែក​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា របស់​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់​។​

​ក្នុងនាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ណូ​វែ​ល​ហ្សឺ​ឡង់ ដែល​បាន​សម្រេចចិត្ត​ចូលរួម​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ដោយបាន​ផ្តល់នូវ​ថវិកា​ប្រមាណ ៣.៨ លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២០-២០២៤ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដែល​ជំនួយ​នេះ នឹង​ជួយផ្តល់​ដី​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​រាប់ពាន់​គ្រួសារ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​សន្យា​នឹង​ប្រើប្រាស់​ថវិកា​ទាំងនេះ ឲ្យ​ចំ​គោលដៅ ត្រឹមត្រូវ និង​មាន​តម្លាភាព ព្រមទាំង​បាន​អញ្ជើញ​ឯកអគ្គរដ្ឋទូត ចុះ​ពិនិត្យ​ចម្ការមីន និង​ជួប​សំណេះសំណាល​ជាមួយ​អ្នកទទួលផល​ដោយផ្ទាល់ ក្នុង​ពេលវេលា​សមស្រប​ណាមួយ នាពេលខាងមុខ​។​

​ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាប​ប្រាប់​ដល់​ឯកអគ្គរដ្ឋទូត​ណូ​វែ​ល​ហ្សឺ​ឡង់ អំពី​ការបំពេញ​កាតព្វកិច្ចរ​បស់​កម្ពុជា ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ការរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ វឌ្ឍនភាព​នៃ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បញ្ចប់​វត្តមាន​គ្រាប់មីន​នៅ​កម្ពុជា​ឆ្នាំ​២០២៥​។​

​ឯកឧត្តម Taha Macpherson ឯកអគ្គរដ្ឋទូត​ណូ​វែ​ល​ហ្សឺ​ឡង់ បាន​សេចក្តី​សប្បាយរីករាយ ដែល​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​មានប្រសាសន៍​ដូចខាងក្រោម​៖
១. អបអរសាទរ​ចំពោះ​ទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ រវាង​កម្ពុជា និង ណូ​វែ​ល​ហ្សឺ​ឡង់​។​
២. កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ​។​
៣. រាជរដ្ឋាភិបាល​ណូ​វែ​ល​ហ្សឺ​ឡង់ មាន​សេចក្ដី​សប្បាយរីករាយ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា និង​ប្តេជ្ញា​បន្ត​ជួយ​ដល់​កម្ពុជា​ឲ្យ​ស​ម្រ​ច​បាន​នូវ​គោលដៅ​គ្មាន​មីន​ឆ្នាំ​២០២៥ ខាងមុខនេះ​។​
៤. ឯកអគ្គរដ្ឋទូត​គ្រោង​នឹង​ទស្សនកិច្ច​ប្រទេស​កម្ពុជា បន្ទាប់ពី​បញ្ចប់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​។​ព្រមទាំង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ថវិកា​សម្រាប់ បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close