គ្រូបង្វឹកជម្រើសជាតិកម្ពុជាជនជាតិជប៉ុន សម្រេចមិនទៅបុណ្យសពឪពុកនៅជប៉ុន ព្រោះជាប់ដឹកនាំ U18 កម្ពុជា
គ្រូបង្វឹកជម្រើសជាតិកម្ពុជាជនជាតិជប៉ុន លោក Inoue Kazunori គ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិ និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ និង១៩ឆ្នាំ បានសម្រេចចិត្តជ្រើសរើសការដឹកនាំក្រុម U18 កម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ AFF U18 Championship នៅមីយ៉ាន់ម៉ា ដោយលុបចោលដំណើរទៅកាន់ប្រទេសជប៉ុនសម្រាប់ពិធីបុណ្យឪពុកបង្កើតរបស់ខ្លួន។
យោងតាមការផ្សាយទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឪពុករបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Inoue Kazunori ទើបតែទទួលមរណភាពកាលពីពេលថ្មីៗកន្លងមកនេះ ស្របពេលដែលលោកត្រូវដឹកនាំ U18 កម្ពុជាទៅហ្វឹកហាត់នៅប្រទេសថៃនាថ្ងៃអាទិត្យ ហើយត្រៀមខ្លួនចូលរួមការប្រកួត AFF U18 Championship 2017 នៅមីយ៉ាន់ម៉ា។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានពន្យល់ហេតុផលថា៖ «នៅពេលឪពុករបស់ខ្ញុំគាត់នៅរស់គាត់បានប្រាប់ខ្ញុំថាកុំអោយកម្ពុជាចាញ់»។
U18 កម្ពុជានឹងចូលរួមការប្រកួត AFF U18 Championship 2017 នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា ដោយក្រុមក្រោមការដឹកនាំរបស់លោក Kazunori ស្ថិតពូល A ជាមួយ ថៃ ម៉ាឡេស៊ី ទីម័រខាងកើត ឡាវ និងសិង្ហបុរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។