កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ សម្រាប់​អាណត្តិ​ទី​៣

​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​សកម្មភាព​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ជា​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល នាយក​ទីចាត់ការ ប្រធាន​អង្គភាព និង​ការិយាល័យ​ចំណុះ​សាលាខេត្ត​ព្រះសីហនុ​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មាន​របៀបវារៈ​ចំនួន​៧ យកមក​ពិនិត្យ និង​ពិភាក្សា រួមមាន​៖
១-​មតិ​ស្វាគមន៍​បើក​កិច្ចប្រជុំ
២-​ពិនិត្យ​កូរ៉ុម​
៣-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៤-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៥-​ពិនិត្យ និង​អនុម័ត​របាយការណ៍​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត (​គិត​ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០) ។​
៦-​ស្តាប់​របាយការណ៍​រប​ស់​គណ​:​ក​ម្មា​ធិ​ការ​នានា​របស់​ក្រុមប្រឹក្សា​ខេត្ត និង​របាយការណ៍​រប​ស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ
-​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​
-​គណៈកម្មាធិការ​លទ្ធកម្ម​
-​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ខេត្ត​
-​គណៈកម្មាធិការ​គ្រប់គ្រង​មណ្ឌល​អភិវឌ្ឍន៍ ធនធានមនុស្ស​ខេត្ត​
-​គណៈកម្មាធិការ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត
-​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ
៧-​មតិ​បូកសរុប ប្រកាស​កាលបរិច្ឆេទ​ស​ម្រា​ប់​កិច្ចប្រជុំ​សាមញ្ញ​លើក​ក្រោយ និង​បិទ​អង្គប្រជុំ​។​

​នាឱកាស​នោះ​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ កត់សំគាល់​ឃើញថា សេវា​សុរិយោដី​មាន​ភាពស្មុគស្មាញ​ជាងគេ​។​បញ្ហា​ស្មុគស្មាញ​នេះ​ខ្លះ​បា​បន្សល់​ពីមុនមក​តែ​ស្នើអោយ​មានការ​ខិតខំ​ដោះស្រាយ​បន្តទៀត​។​
​ឯកភាព​គាំទ្រ​ចំពោះ​ការខិតខំ​របស់​មន្ត្រី​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។​ស្នើអោយ​មានការ​រួមគ្នា​យកចិត្តទុកដាក់​អោយ​បានល្អ​ថែមទៀត​ក្នុងការ​បំពេញការងារ​ដើម្បីអោយ​ពលរដ្ឋ​មានការ​ទុកចិត្ត និង​មាន​ភាពកក់ក្តៅ​។​

​ទន្ទឹមនេះ​លោក ជាម ហ៊ីម ផ្តល់​អនុសាសន៍​ចំពោះ​ការចុះ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ត្រូវធ្វើ​អោយបាន​ត្រឹមត្រូវ​ដើម្បី​ធានាថា​ការអនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ​របស់​រាជរ​ដ្ឋា​ភិ​បាល​មាន​ភាពច្បាស់លាស់​និង​ចំ​គោលដៅ​ពិតប្រាកដ​និង​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​។​

​ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ គូសបញ្ជាក់ថា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ខេត្ត​បាន​នឹង​កំពុង​ខិតខំ​សម្របសម្រួល​ដោះ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​និង​ទទួលបាន​បាន​លទ្ធផល​ជា​បន្តបន្ទាប់​។​សម្រាប់​ខែ​នេះ​រដ្ឋបាលខេត្ត​បាន​អនុវត្ត​ការងារ​មួយចំនួន​ដូចជា​៖​ការផ្តល់​សាច់ប្រាក់​សម្រាប់​ជនក្រីក្រ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​១៩ ។​

​ចំពោះ​ការចុះ​ស្រង់​ស្ថិតិ​និង​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​តាម​មូលដ្ឋាន​និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ប័ណ្ណ​ក្រីក្រ ការគ្រោង​ចុះ​ចែក​អំណោយ​ជូន​ពួកគាត់​ក្នុងពេល​ឆាប់ៗ​។ ការដោះស្រាយ​ដី​ជូន​ពលរដ្ឋ​រស់នៅ​លើ​ចំណី​អូរ​ប្រឡាយ​ដែល​ប៉ះពាល់​គម្រោង​ស្តារ​អូរ​ប្រឡាយ​នៅក្នុង​ក្រុង​ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ផ្លូវទឹក​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។​ការរៀបចំ​គម្រោង​កែលម្អ​ស្ពាន​ចាស់​ឆ្លង​ប្រឡាយ​ចំនួន​២​កន្លែង​នៅ​សង្កាត់​លេខ​៤​។​

​លោក គួច ចំរើន បញ្ជាក់ថា​លទ្ធផល​នៃ​ការស្តារ​ប្រឡាយ​បាន​លទ្ធផល​ជាង​៧០%​ហើយ​ការងារ​នេះ​មានការ​លំបាក​ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​ស្មុគស្មាញ​គ្រឿងចក្រ​លំបាក​ចេញចូល​។ ការងារ​នេះ នៅតែ​បន្ត​រៀបចំ​ស្តារ​អូរ​និង​ដោះស្រាយ​ផលប៉ះពាល់​ផងដែរ​។ ក្រៅពីនេះ​ឯកឧត្តម បាន​រំលឹក​អោយមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close