ឯកឧត្តម គួច ចំរើន ស្នើឲ្យអូស្ត្រាលី ជួយគៀងគរអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ ចូលមកខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើកិច្ចការសុខាភិបាល និងការអនុវត្តយុទ្ធសាស្ត្រទីក្រុងវៃឆ្លាត។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានជម្រាបជូន ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី អំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ និងបានលើកឡើងអំពីផែនការយុទ្ធសាស្ត្រទីក្រុងវៃឆ្លាត ដោយស្នើឱ្យមានការបណ្តុះបណ្តាលលើវិស័យនេះផងដែរ។
ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី បានធ្វើការវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត នៃគណៈអភិបាលខេត្ត ក្នុងនោះឯកឧត្តម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសង្គ្រោះនាវា MS Westerdam នាពេលកន្លងមក ដែលក្នុងចំណោមអ្នកដំណើរទាំងអស់ ក៏មានប្រជាជនអូស្ត្រាលីផងដែរ។ ហើយថ្មីៗនេះ ជួយដល់មន្ត្រីស្ថានទូតអូស្ត្រាលីដែលបានជាប់គាំងនៅលើកោះរ៉ុងសន្លឹមត្រឡប់មកលើដីគោកវិញ ជាមួយប្រជាពលរដ្ឋផ្សេងទៀតដោយសុវត្ថិភាព។
ឯកឧត្តម ក៏បានបន្ថែមទៀតថា កន្លងមករាជរដ្ឋាភិបាលអូស្ត្រាលី បានសហការ និងជួយគាំទ្រលើវិស័យមួយចំនួននៅខេត្តព្រះសីហនុ មានដូចជាសុខាភិបាល កសិកម្ម គម្រោង Smart City និងគម្រោងមួយចំនួនទៀតនៅមូលដ្ឋានសមុទ្ររាម។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឯកឧត្តមឯកអគ្គរាជបន្តកិច្ចសហការគាំទ្រ និងជួយគៀងគរអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ និងអ្នកការទូតឱ្យចូលមកបណ្តាក់ទុក ទស្សនាកំសាន្ត ក៏ដូចជាសិក្សាស្វែងយល់ពីសក្តានុពលខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។