សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ក្នុង​រដូវភ្លៀង​ធ្លាក់​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ បាន​មានប្រសាសន៍ថា​៖ ខ្ញុំ​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ នៅក្នុង​រដូវភ្លៀង​ធ្លាក់ ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ជាច្រើនលើក ច្រើនសារ​ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជា​ល​រដ្ឋ​អស់​ជា​ច្រើន​ខ្នង​។ ដូច្នេះ​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ជាពិសេស​ក្នុងការ​ធ្វើដំណើរ​ជិត​ឆ្ងាយ ។

​សម្តេច​បន្តថា​៖ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ តាម​សមុទ្រ និង​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​ចុះទូក​នេសាទ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់​នូវ​ការផ្សព្វផ្សាយ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​ទន្ទឹមនឹង​នេះដែរ ក៏​សូម​បងប្អូន​ប្រជា​ល​រដ្ឋ​ការពារ​ខ្លួន​កុំអោយ​ឆ្លង​ជំងឺ covid-19 ទោះបី​ប្រទេស​យេ​ី​ង​ពុំមាន​អ្នកស្លាប់​ក៏ដោយ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់ ហើយក៏​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

​សម្តេច សូម​បងប្អូន​ប្រជាពលរដ្ឋ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​អោយបាន​ជាប្រចាំ ជាពិសេស​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ​សម្តេច​សូម​ជូនពរ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-19 ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close