គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន សម្រេចបានប្រមាណ ៧០%ហើយ
ខេត្តបាត់ដំបង៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៧០% លើទំហំការងារសរុបរបស់គម្រោង។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ១១.០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាក្តីស្រមៃរបស់ខ្ញុំជាយូរណាស់មកហើយ ដែលចង់បាននូវសំណង់ដូចនេះ ពេលនេះបានក្លាយជាការពិតហើយ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាប្រព័ន្ធធារាសាស្ត្រមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយក៏ជាគម្រោងទី ៣ បន្ទាប់ពីគម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹកទុក មុននឹងហូរទៅទន្លេសាប។
គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ ផងដែរ។
មិនតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកំសាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍កាន់តែច្រើនចូលមកកាន់ខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។