ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបានជាង ៣០%ហើយ
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។
សូមជម្រាបជូនថា ផ្លូវជាតិលេខ១០នេះតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។