ដំណឹងល្អទៀតហើយ! មានអ្នកជំងឺកូវីដ១៩ថ្មី ៤នាក់ទៀត ព្យាបាលឱ្យជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយ ខណៈគ្មានករណីឆ្លងថ្មីនោះឡើយ។ នេះបើតាមការបញ្ជាក់ពីរបស់ក្រសួង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា អ្នកជំងឺទាំង៤នាក់ ដែលព្យាបាលឱ្យជាសះស្បើយនេះ គឺជាបុរសជនជាតិខ្មែរ ដែលជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា និងត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន២ដង ដោយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់ មានស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់។ ក្នុងនោះអ្នកជំងឺ ដែលព្យាបាលឱ្យជាសះស្បើយមានចំនួនសរុប ២១៤នាក់ មានស្ត្រី ៤៦នាក់ និងបុរស ១៦៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ២៩នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close