កម្ពុជា រំពឹងថា អាចនាំចេញជ័រកៅស៊ូ ៣៥ម៉ឺនតោន ក្នុងឆ្នាំ២០២០
ភ្នំពេញ៖ នៅឆ្នាំ២០២០នេះ កម្ពុជា រំពឹងថា នឹងអាចប្រមូលផលជ័រកៅស៊ូ និងនាំចេញបាន៣៥ម៉ឺនតោន។ នេះបើតាមឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក»។
ឯកឧត្តម ប៉ុល សុផា បានថ្លែងទៀតថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ ប្រមាណជាង ៤១ម៉ឺនហិកតាទូទាំងប្រទេស ដែលរាយប៉ាយទៅលើ២០ខេត្ត។ សម្រាប់ផលិតផលកៅស៊ូបច្ចុប្បន្ន ប្រមូលផលលើផ្ទៃដី២៩ម៉ឺនហិកតា ដែលរំពឹងថា ប្រមូលផលក្នុងឆ្នាំ២០២០នេះ នឹងសម្រេចបានប្រមាណ ៣៥ម៉ឺនតោន។
ក្នុងរយៈពេល៦ខែកន្លងមកនេះ យើងបាននាំចេញចំនួនជាង ១០ម៉ឺនតោនហើយ»។ បច្ចុប្បន្ននេះតម្លៃកៅស៊ូបានកើនឡើងបន្តិច គឺកើនពី១៣០០ដុល្លារ ដល់ ១៤០០ដុល្លារក្នុង១តោន។ សម្រាប់ទីផ្សារនាំចេញកៅស៊ូ មានដូចជា៖ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសអឺរ៉ុបមួយចំនួនទៀត។
សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជានាំចេញកៅស៊ូបាន១២៣,១៥១តោន កើនឡើង១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ តម្លៃលក់កៅស៊ូជាមធ្យមនៅឆមាសទី១ ឆ្នាំ២០២០ គឺមានតម្លៃ១,៣០៥ដុល្លារក្នុងមួយតោន បានថយចុះចំនួន៣៣ដុល្លារក្នុងមួយតោន ស្មើនឹង២.៤៧ភាគរយ ធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៩។ ដូច្នេះទំហំនៃការនាំចេញជ័រកៅស៊ូរបស់កម្ពុជា នៅឆមាសទី១ ឆ្នាំនេះ មានទឹកប្រាក់ជាង១៦០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។