ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣

​ខេត្តកំពង់ធំ​៖ ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​-​នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត ដែលមាន​របៀបវារៈ​ចំនួន ៥ រួមមាន​៖
១. ពិនិត្យ និង​អនុម័ត កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​ខេត្ត​
២. ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​
៣. ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​
៤. ពិនិត្យ និង​អនុម័ត គម្រោង​ចំណូល​ចំណាយ សម្រាប់​ឆ្នាំ​២០២១
៥. បញ្ហា​ផ្សេងៗ​

​របៀបវារៈ​ទាំង​បួន​ខាងលើនេះ ត្រូវបាន​ដាក់ជូន​អង្គប្រជុំ​ពិនិត្យ និង​ពិភាក្សា​រួមគ្នា​រួចមក ដោយ​អនុម័ត​យល់ព្រម ពី​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដោយ​ការលើកដៃ​យល់ព្រម ។​

​ជាមួយគ្នា​នោះដែរ​លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​ការតាក់តែង​នូវ​ឯកសារ​ក្នុង​កិច្ចប្រជុំ ជាពិសេស​ធ្វើឡើង​សម្រាប់​ស្វែងរក​នូវ​ចំនុច​ខ្វះខាត​ដោយ សមាជិក​ដែល​ចូលរួម​ទាំងអស់​លើកឡើង​ក្នុង​អង្គប្រជុំ​ធ្វើយ៉ាងណា​កែលំអ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង សម្រាប់​ទុកជា​ឯកសារ​ដ៏​ល្អ ទាំង​អក្ខរាវិរុទ្ធ ឃ្លោងឃ្លា និង​ខ្លឹមសារ ពោរពេញ​ដោយ​អត្ថន័យ ស្របទៅនឹង​ឯកសារ​គំរូ​ច្បាប់ដើម​។

​ទន្ទឹមនឹងនោះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកពាក់ព័ន្ធ ដែល​បាន​ខិតខំ​បំពេញការងារ ជាពិសេស​លោក លោកស្រី​ក្នុង​ជួរ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ជួយ​ជំរុញ​ឲ្យ​ការងាររដ្ឋបាល​ខេត្តកំពង់ធំ សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់​។​

​បន្ថែម​លើសពីនេះ​លោក សុខ លូ បាន​ជំរុញ​ដល់​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បន្ទាប់ពី​បានលើកឡើង​អំពី​បញ្ហា​ប្រឈម នៅក្នុង​កិច្ចប្រជុំ ត្រូវ​ចុះទៅ​ដល់​មូលដ្ឋាន ដើម្បី​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ក្តាប់​ឲ្យ​បាន​ពី​បញ្ហាលំបាក​និង​សំណូមពរ​របស់​ពួកគាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នានា ក៏ដូចជា​សម្រាប់​ឆ្លើយតប​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ជាពិសេស​ខិតខំ​បន្ត​ផ្សព្វផ្សាយ​វិធានការ​អោយបាន​ម៉ឺងម៉ាត់​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជៀសវាង​មានការ​ឆ្លង​រីក​រាលដាល​ដល់​សហគម​ន៍​នៅតាម​មូលដ្ឋាន ការទប់ស្កាត់​លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន​ឈូសឆាយ​ដីព្រៃ ធ្វើជា​កម្មសិទ្ធិឯកជន និង​ចូលរួម​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close