គោព្រៃ​កម្ពុជា ប៉ះ​វៀតណាម នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ នៅក្នុង​វគ្គ​ជម្រុះ​ពូ​ល​C នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី AFC Asian Cup 2019 ។​

​នេះ​គឺជា​ប្រកួត​ទី​៣ ក្នុង​ពូ​ល​របស់​ក្រុម​ទាំងពីរ ។ ប៉ុន្ដែ​មុន​ជួបគ្នា​ល្ងាច​នេះ ក្រុម​ទាំងពីរ ទើបតែ​ធ្លាប់បាន​ជួបគ្នា​កាលពី​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ដោយ​ក្រុម​ជម្រើសជាតិ​វៀតណាម បាន​យកឈ្នះ​ក្រុម​គោព្រៃ​កម្ពុជា ក្នុង​លទ្ធផល ២-១ នៃ​ពានរង្វាន់ AFF Suzuki Cup 2016 នៅ​មី​យ៉ាន់​ម៉ា ។ ដូច្នេះ​ចាំមើល​តើ​ល្ងាច​នេះ ក្រុម​គោព្រៃ​កម្ពុជា អាច​សងសឹក​វៀតណាម​លើ​ទឹកដី​របស់ខ្លួន​បាន​វិញ​ដែរឬទេ​?

​លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ពី​ម្សិលមិញ​ថា ទោះបី​កម្ពុជា​ទើប​រកបាន ៣​ពិន្ទុ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្ដី ប៉ុន្ដែ​ការជួប​វៀតណាម​ល្ងាច​នេះ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ។ ប៉ុន្ដែ​យ៉ាងណា​លោក​នៅតែ​ជឿជាក់​លើ​សមត្ថភាព​កូន​ក្រុម​របស់ខ្លួន បើទោះបី​កីឡាករ​ភាគច្រើន គឺជា​សមាសភាព​កីឡាករ​ទើប​បញ្ចប់​យុទ្ធនាការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧​នេះ​ក៏ដោយ ។​

​ដោយឡែក​លោក ម៉ៃ ឌឹ​ក​ជុង គ្រូបង្វឹក​វៀតណាម ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​កូនក្រុម​ខ្លួន ក៏​មិន​ខុសពី​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ដែលមាន​កីឡាករ​វ័យក្មេង​ច្រើន​នោះ លោក​មិនអាច​ធ្វេស​ប្រហែល​ចំពោះ​ការប្រកួត​ល្ងាច​នេះ​បានឡើយ ។ ម្យ៉ាង​វិញ​ក្រុម​ខ្លួន គឺ​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ឈានទៅរក​ដណ្ដើម​កៅអី​កំពូល​តារាង ។ ដូច្នេះ​លោក​បាន​ប្ដេជ្ញាចិត្ត​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត ដើម្បី​នាំយក ៣​ពិន្ទុ​ពី​កម្ពុជា ត្រឡប់​ទៅ​វៀតណាម​វិញ ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា កំពុង​ឈរ​លេខ​២ ក្នុង​ពូ​ល C និង​មាន ៣​ពិន្ទុ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ​១ និង​ចាញ់​១(​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ និង​ចាញ់​ហ្សកដានី ៧-០) ។ រីឯ​វៀតណាម​កាន់ ២​ពិន្ទុ​ក្នុង​ដៃ ឈរ​លេខ​៣ ជាមួយ​លទ្ធផល ២​ប្រកួត​ដូចគ្នា​ស្មើ​ទាំង ២​ប្រកួត គឺ​ស្មើ​ហ្សកដានី ០-០ និង​ស្មើ​អា​ហ្វ​ហ្គា​នី​ស្ថាន ១-១ ។ ហេតុនេះ​ការជួបគ្នា​ល្ងាច​នេះ គឺជា​ជំនួប​ដ៏​សំខាន់​របស់​ក្រុម​ទាំងពីរ ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close