ឯកឧត្តម វេង សាខុន នាំយកកូនឈើហូបផ្លែ ពូជមាន់ និងចំណីមាន់ ចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ។ ពិធីនេះ បានរៀបចំធ្វើនៅផ្ទះកសិករ ហាច ហៀត នៅភូមិផ្ទុះរុង ឃុំផ្ទះរុង ស្រុកតាលោ សែនជ័យ ខេត្តពោធិ៍សាត់។
ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរាយការណ៍ដោយសង្ខេបអំពីគម្រោងដែលមានខ្លឹមសារដូចតទៅ៖ គម្រោងស្តីពី “ការពង្រីកបច្ចេក ទេសកសិកម្មដែលធន់នឹងអាកាសធាតុ ហៅកាត់ថា SUCRA” គឺជាអនុសមាសភាគ ៣.២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលគាំទ្រថវិកាដោយមូលនិធិអន្តរ ដែលជាដៃគូប្រតិបត្តិនៅមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនិងបរិស្ថាននៃសាកលវិទ្យាល័យប៊ើនប្រទេសស្វីស។
គម្រោង SUCRA មានគោលបំណង- បង្កើនភាពធន់ទៅនឹងការប្រែ ប្រួលអាកាសធាតុ ដល់កសិករខ្នាតតូចដែលងាយរងគ្រោះ តាមរយៈការជំរុញឱ្យកសិករអនុវត្តគំរូល្អៗនៃប្រព័ន្ធកសិកម្មចំរុះ – ធ្វើឲ្យប្រសើរឡើងនូវសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ – បង្កើនប្រាក់ចំណូល និងពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីដី – លើកកម្ពស់ចំណេះដឹងអំពីហានិភ័យនៃការប្រែប្រួលអាកាស ធាតុ និងអំពីមធ្យោបាយដែលធ្វើឲ្យ សម្រេចបានភាពធន់ប្រកបដោយចីរភាព។
គម្រោងអនុវត្តក្នុងភូមិគោលដៅចំនួន ២៣ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមានប្រជាកសិករទទួលផលផ្ទាល់ពីគម្រោងសរុបចំនួន ១៥០០គ្រួសារ។ ដោយទ្បែកសម្រាប់ខេត្តពោធិ៍សាត់ មានភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទុះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ និងមានកសិករគោលដៅសរុបចំនួន ៧៥០គ្រួសារ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំដល់ប្រជា ពលរដ្ឋថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោហ៊ុន សែន “មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ” ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។