រាជរដ្ឋាភិបាល ផ្តល់ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល ដល់​មន្ត្រីរាជការ​ទាំង​អស់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ បានចេញ​អនុក្រឹត្យ ស្តីពី​ផ្តល់ប្រាក់​ឧបត្ថម្ភ ៥​ម៉ឺន​រៀល ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​ជូន ទោស័ក ពុទ្ធសករាជ ២៥៦៤​។​

​ខ្លឹមសារ​នៅក្នុង​អនុក្រឹត្យ បាន​បញ្ជាក់ថា ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវអនុវត្ត​ឱ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ និង​ត្រូវគោរព​គោលការណ៍​ដូចខាងក្រោម​៖
១៖ ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ ត្រូវអនុវត្ត​តាម​គណ​នី​បៀវត្ស​របស់​សាមីជន ឬ​គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ ជា​អតីតយុទ្ធជន​។​
២៖ ក្រសួង ស្ថាប័ន និង​អង្គភាព​ដែល​មិនទាន់បាន​បើក​គណនី​បៀវត្ស​សម្រាប់​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់ខ្លួន ត្រូវ​ចាត់ចែង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ ឱ្យបាន​ដល់​សាមីជន ម្នាក់ៗ​គ្រប់​ចំនួន និង​ទាន់ពេលវេលា​។​
៣៖ និវត្តជន​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា ដែល​កំពុង​បំពេញការងារ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្ដែត សមាជិក ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ ឬ​សមាជិក​ភូមិ ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​តែមួយ​កន្លែង ដែល​ចាត់ចែង​បើក​ផ្តល់​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​
៤៖ ក្រសួង ស្ថាប័ន ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​ធ្វើ​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​នេះ ដោយ​មិន​រាប់បញ្ចូល​មុខសញ្ញា​និវត្តជន ក្នុង​ចំណុច​៣​ខាងលើ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close