ប្រាសាទបាយក្អែក នឹង​រៀបចំ​ឱ្យ​ក្លាយជា​សារមន្ទីរ​លម្ហ​

​ខេត្តសៀមរាប​៖ ប្រាសាទបាយក្អែក មាន​ទីតាំងនៅ​ខាងលិច​ប្រាសាទអង្គរវត្ត ដែល​មិនសូវមាន​អ្នក​ស្គាល់ ហើយ​ទេសចរ​ភាគច្រើន​ឆ្លងកាត់​ទៅ​ហួស​មក​ហួស​។​

​ច្ចុ​ប្បន្ន ប្រាសាទ​នេះ មាន​ស្ថានភាព​បាក់បែក​ទ្រុឌទ្រោម នៅសល់តែ​គ្រឹះ ហើយ​មាន​រចនា​សម្ពន្ធ​ប្រាសាទ សម្ភារ ស្លាកស្នាម​នៅសល់ ជើង​ទម្រ ព្រះ​សីសៈ​ព្រះ​ពោធិសត្វ​ប្រាជ្ញ​បារមី​តា​រចនាបថ​បា​យ័ន្ត និង​សសរ​ពេជ្រ ដែល​តាម​អ្នកជំនាញ សន្និដ្ឋានថា ប្រាសាទ​នេះ​សាងសង់ឡើង​នៅ​ចុង​ស​.​វ​.​ទី​១២ តាម​រចនាបថ​បា​យ័ន្ត​។

​នៅ​ជុំវិញ​ប្រាសាទ​ជាទី​សក្ការៈ​នេះ សម្បូរ​ទៅដោយ​ទួល​ជាច្រើន ដែល​មនុស្ស​រស់នៅ ហើយ​ប្រហែលជា​អាចមាន​មនុស្ស​រស់នៅ​មុន​មាន​ប្រាសាទ​ក៏​ថា​បាន​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ប្រាសាទបាយក្អែក នៅ​ដើម​សប្តាហ៍​នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​ជាមួយ​អ្នកជំនាញ​ពាក់ព័ន្ធ រួមគ្នា​លើក​តម្លៃ​ប្រាសាទបាយក្អែក ឱ្យ​ក្លាយជា​សារមន្ទីរ​លម្ហ ដើម្បី​ទាក់ទាញ​ទេសចរ និង​អភិរក្ស​សំណង់​ប្រាសាទ​ឱ្យ​ផុតពី​ហា​នី​ភ័យ​។​

​ក្រុមការងារ​នឹង​ដាំ​ដើមឈើ ដាំ​ស្មៅ ស្តារ​ស្រះ តាំង​បង្ហាញ​ប្រវត្តិ​ប្រាសាទ និង​លទ្ធផល​បាន​ពី​កំណាយ រៀបចំ​ទីតាំង​នេះ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា សម្រាកកាយ និង​ការរៀបចំ​ពិធី​ផ្សេងៗ​ផង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close