កម្ពុជា ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំចូលពីឥណ្ឌូនេស៊ី ខណៈព្យាបាលជាសះស្បើយ២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។
ក្រសួងបានឱ្យដឹងថា បុរសទាំង៣នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកទាំង៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។
ដោយឡែកអ្នកដែលព្យាបាលឱ្យជាសះស្បើយ គឺជាបុរសជនជាតិខ្មែរទាំង២នាក់ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ដោយទទួលពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលចាក់អង្រែ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២៥១នាក់ ស្ត្រី ៤៩នាក់ និងបុរស ២០២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២១៩នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៣នាក់ និងដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣២នាក់។ ក្នុងនោះសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ និងស្ត្រី ជាកងទ័ពមួកខៀវ ០១នាក់ ដែលបានបញ្ជូនមកពីមន្ទីរពេទ្យជ័យជំនៈខេត្តកណ្ដាល នៅថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០២០)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។