U16 កម្ពុជាត្រៀមប្រកួតAFC Championship 2018
តាមមន្ត្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុម U16 កម្ពុជា ចំនួន ២៦ នាក់ នឹងធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសថៃ នាព្រឹកថ្ងៃអង្គារនេះ ដើម្បីត្រៀមទៅចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U16 Championship 2018 នៅប្រទេសម៉ុងហ្គោលី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ។
ក្រោមការដឹកនាំរបស់គ្រូបង្គោលលោក Lee Tae Hoon រួមទាំងគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត នឹងធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងជាង ៨ ព្រឹកថ្ងៃអង្គារនេះឆ្ពោះទៅកាន់ ណងឆូក ប្រទេសថៃ ដេីម្បីហ្វឹកហាត់រហូតដល់ថ្ងៃអាទិត្យ ហើយនៅថ្ងៃចន្ទ ទី ១៨ ខែកញ្ញា ក្រុមកម្ពុជា នឹងបន្តដំណើរទៅប្រទេសម៉ុងហ្គោលី តែម្តង។
លោក Lee Tae Hoon បានជ្រើសរើសទៅហាត់នៅថៃ ដើម្បីត្រៀមការប្រកួត AFC U16 Championship 2018 មានបេក្ខភាពកីឡាករដូចជា ភី រីណា, ប៊ុនធឿន ប៊ុនណារ៉ុង, ឈម ពេជ្រពន្លឺ, ប៉ែន សាន់តាណា, ជា សុខម៉េង, ផៃ ម៉េងឆឹង, តាំង ប៊ុនឆៃ, ថង លីម៉ិញ, ជូ ស៊ិនទី, រី លាភផេង, ធី លាង, ស្រី ពិសិទ្ធ, លីន តារាដេវិទ្យ, វន សុខៃតូ, អ៊ាន ពិសី, សួង ដាវីត, គង់ ភ័ត្រា និង លី ម៉ាឯល ជាយុវជនថ្នាលនៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី កីឡាករ សេង សម្បត្តិ មកពីប៉ៃលិន កីឡាករ ចាន់ ហួង មកពីក្រុមអធិរាជភ្នំស្វាយ កីឡាករ មីត សាម៉ើល របស់ក្រុមបឹងកេត កីឡាករ រស់ ដារ៉ាពេជ្រ, រឿន សាវីត, ទួត សរ៉ូត និង ជឹម ណាវីន របស់ភ្នំពេញក្រោន និងកីឡាករ ចាន់ សារ៉ាពេជ្រ មកពីក្រុងព្រះសីហនុ។
សូមរម្លឹកផងដែរថា កីឡាករទាំង ២៦ នាក់ ដែលត្រូវចេញទៅហ្វឹកហាត់ ត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U16 Championship 2018 នេះគឺភាគច្រើនជាកីឡាករ ដែលទើបបានចេញទៅប្រកួតជម្រុះពានរង្វាន់ AFF U15 Championship នៅប្រទេសថៃ កាលពីខែកក្កដា ឆ្នាំ ២០១៧ កន្លងមកនេះ ដោយកាលនោះក្រុម U15 កម្ពុជា បានចាញ់ក្រុមវៀតណាម ២-១ ឈ្នះក្រុមហ្វីលីពីន ៤-០ ឈ្នះទីម័រខាងកើត ១-០ ចាញ់ប្រ៊ុយណេ ២-០ និងចាញ់ម៉ាឡេស៊ី ៤-២។
ការប្រកួតជម្រុះពាន AFC U16 Championship 2018 នេះចែកចេញជា ១០ ពូល មានក្រុមតំណាងឲ្យប្រទេសអាស៊ីចំនួន ៤៥ ក្នុងតំបន់ចូលរួម។ ចំណែកក្រុម U16 កម្ពុជាឈរនៅពូល I ជាមួយក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី អូស្ត្រាលី និងវៀតណាម ហើយពូលមួយនេះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃទី ២៤ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។