អាងទឹក​តា​ម៉ុក កម្ពស់​ទឹក​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៦ ២០​នាទី​ព្រឹក នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ ស្ថានភាព​ទឹក​នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កម្ពស់​ទឹក បាន​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​។​

​ក្រសួង បញ្ជាក់ទៀតថា កម្ពស់​ទឹក​ក្នុង​អាង ៣,៩០​ម៉ែត្រ ធៀប​និង​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០ កើនឡើង ០,០៧​ម៉ែត្រ​។ កម្ពស់​ទឹក​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៣,៨០​ម៉ែត្រ កម្ពស់​ទឹក​ប្រកាសអាសន្ន ៤,២០​ម៉ែត្រ​។​

​សូមជម្រាបថា ក្រោយ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់ៗ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បង្ក​បាន​ទៅជា​ជំនន់​ទឹកភ្លៀង ដែល​បាន​នឹង​កំពុង​ហក់​ឡើង​នៅ​ស្ពាន​អូរ​ជីក នៅ​ចំណុច​បឹង​តា​ម៉ុក​។ ទឹកជំនន់​នេះ បាន​ហក់​ឡើង​ខ្លាំង ស្ទើរតែ​ជន់​លិច​ស្ពាន​ឈានចូល​ដល់​ការប្រកាសអាសន្ន ខណៈពេល​មាន​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា​។​

​ស្ពាន​អូរ​ជី​កនេះ ​កន្លងមក ជា​រៀងរាល់ឆ្នាំ​តែងតែ​កើតមាន​ទឹកជំនន់​ហូរ​ចេញពី​បឹង​តា​ម៉ុក ជន់​លិច​ស្ពាន រួមទាំង​ទីលំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ប្រសិនបើ​ទឹកភ្លៀង​នៅតែ​បន្ត​ធ្លាក់​ទៀត​នោះ អាច​នឹង​ជន់​លិច​តែម្តង​ខណៈ​នេះ​ពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close