ខេត្តសៀមរាប កំពុង​រៀបចំ តុបតែង​លម្អ​ស្ទឹង​សៀមរាប និង​កម្មវិធី​នានា ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប ដោយមាន​ការសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សាខា​កាកបាទក្រហមកម្ពុជា បាន​នឹង​កំពុង​រៀបចំ តុបតែង​លម្អ​ស្ទឹង​សៀមរាប ដើម្បី​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្រស់ត្រកាល​ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ តាម​បណ្តោយ​ស្ទឹង​សៀមរាប ចាប់ពី​អតីត​ស្ពាន​មន្ទីរ​ទេសចរណ៍​ចាស់ រហូតដល់​ស្ពាន​វត្ត​ដំណាក់​។​

​ការរៀបចំ​លម្អរ​ស្ទឹង​នេះដែរ គឺ​ត្រូវ​រៀបចំ​យ៉ាងណា ដើម្បី​រំលេច​នូវ​សោភ័ណភាព​សម្រស់​បៃតង​នៅតាម​ដងស្ទឹង និង រុក្ខវិថី​នានា​ក្នុង​ក្រុង នាពេល​រាត្រី​ឲ្យ​កាន់ តែមាន​ការទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ដែល​នឹង​ចូល​មកដល់​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។
​កម្មវិធី​នៃ​ថ្ងៃ​ឈប់សម្រាក​ពីថ្ងៃ​ទី​១៧ ដល់ ថ្ងៃ​២១ ខែសីហា ឆ្នាំ​២០២០ រួមមាន​៖
១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​
២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២
៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​
៤.​ផ្សារ​ទឹក​
៥.​ផាប់​ស្ទ្រី​ត​
៦.​កម្មវិធី​ជិះ​កង់​
៧.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​
៨.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​
៩.​ផ្ទាំងទស្សនីយភាព​សិល្បៈ​។

​ក្នុងនោះដែរ រដ្ឋបាល​ខេត្តសៀមរាប ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ អោយ​អនុវត្ត សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close