១ថ្ងៃប៉ុណ្ណោះ! កម្ពុជា រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ១៥នាក់ទៀត និងមានអ្នកជាសះស្បើយម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ១៥នាក់ទៀត គឺជាករណីនាំចូល និងមានម្នាក់ បានព្យាបាលឱ្យជាសះស្បើយផងដែរ។

ក្រសួង បានឱ្យដឹងថា ករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីទាំង ១៥នាក់នេះ មាន១៣នាក់ ជាជនជាតិចិន ធ្វើដំណើរមកពីប្រទេសហ្វីលីពីន និង២នាក់ ជាជនជាតិខ្មែរ ធ្វើដំណើរមកពីអាមេរិក។ បុរស និងស្ត្រីជនជាតិចិនទាំង ១៣នាក់ ដែលរកឃើញជំងឺកូវីដ១៩នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួង បានឲ្យដឹងទៀតថា អ្នកជំងឺកូវីដ១៩ ទាំង១៣នាក់នេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ ក្នុងជើងហោះហើរនេះ មានអ្នកដំណើរជាជនជាតិចិនសរុប ១១៩នាក់ (ស្ត្រី ២៣នាក់ និងបុរស ៩៦នាក់)។ អ្នកដំណើរដទៃដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
រីឯជនជាតិខ្មែរ២នាក់ ដែលរកឃើញមានជំងឺកូវីដ១៩នោះ គឺជាកុមារី ជនជាតិខ្មែរ អាយុ ១៣ឆ្នាំ និងស្ត្រីជនជាតិជនខ្មែរ អាយុ៤៨ឆ្នាំ។ កុមារី និងស្ត្រីទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគេទាំងពីរនាក់ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ៧៥នាក់ (ស្រី ២៦នាក់ បុរស ៤៣នាក់ និងកុមារ ០៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ដោយធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញ និងនៅមណ្ឌលចត្តាឡីស័កទ័ពអាកាសពោធិ៍ចិនតុង។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៦នាក់៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។