កម្ពុជា រង​ឥទ្ធិពល​ព្យុះ​ចំនួន​២ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​ខ្សោយ​ទៅ​ច្រើន​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១២-១៨ ខែសីហា ឆ្នាំ​២០២០​។​

​ក្រសួង បញ្ជាក់ថា តាមរយៈ​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា បាន​នឹង​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួមជាមួយ​នឹង ខ្យល់មូសុង​និរតី​ខ្សោយ​។

​ព្យុះ​ចំនួន​០២ បាន​នឹង​កំពុង​កើតមាន ក្នុងនោះ​ព្យុះ​ទី​៥ ឈ្មោះ យ៉ាង​មី (JANGMI) បច្ចុប្បន្ន​ស្ថិត​ក្បែរ​ឧបទ្វីប​កូរ៉េ នឹង​បន្តដំណើរ​ទៅ​ភាគ​ខាងជើង​។ ឯ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទន្ទឹមនឹង​កោះ​តៃវ៉ាន់ ព្យុះ​ទី​៦ ឈ្មោះ មេខា​ឡា (MEKKHALA) បាន​នឹង​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត​ណាន់​ជីន ប្រទេស​ចិន​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។​

​ចាប់ពី​ថ្ងៃទី ១២-១៣ ខែសីហា បណ្តា​ខេត្ត​នានា នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។ បន្ទាប់ពីនោះ ភ្លៀង​នឹង​កើនឡើង​ទាំង​បរិមាណ ទាំង​ភាព​សាយភាយ​ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ។ បណ្តា​ខេត្ត​នៅ​វាលទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ដែលមាន ព្រំប្រទល់​ជាប់​និង​វៀតណាម​អាច​នឹងមាន​ភ្លៀង​ច្រើន ។​

២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។​

​ក្រសួង​ក៏​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើតមាន ជាពិសេស នៅ​តំបន់​វាលទំនាប​កណ្តាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close