រដ្ឋមន្ត្រី​ទេសចរណ៍ បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​បឋម​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី​

មណ្ឌលគិរី​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​អញ្ជើញ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បឋម​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។​

​សិក្ខាសាលា​នេះ បានធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន ពេជ្រ​ដា ក្រុង​សែន​មនោ​រម្យ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អនុប្រធាន និង​សមាជិក​គណកម្មការ​អន្តរក្រសួង អភិបាលក្រុង អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាព​ជំនាញ វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន និង​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី តំណាង​ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរជំនាញ​ក្នុង​អង្គសិក្ខាសាលា​នេះ បាន​យកចិត្តទុកដាក់​ផ្តល់យោបល់​ទៅលើ​ចំណុច​សំខាន់ៗ​ដូចជា​៖ ការកំណត់​ចក្ខុវិស័យ​អភិវឌ្ឍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​, ការកំណត់​តំបន់​អាទិភាព (Zoning) សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​, ការកំណត់​ទិសដៅ​យុទ្ធសាស្ត្រ អាទិភាព​សំខាន់ៗ និង​ការកំណត់​យន្តការ​ស្ថាប័ន​អនុវត្ត​ផែនការមេ​។​ល​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ជំរុញ និង​ក្រើនរំលឹក ដល់​រដ្ឋបាលខេត្ត​ត្រូវ​បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ពិសេស​ក្នុងខណៈដែល​ទេសចរ​ក្នុងស្រុក​កំពុងតែ​មានការ​រីកចំរើន ហើយ​ខាងមុខនេះ​នៅពេលដែល​ឈប់សម្រាក​រយៈពេល​វែង​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត និង​ផ្តល់​សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​អនាម័យ​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close