នាយករដ្ឋមន្ត្រី​លី​បង់ លាឈប់ពី​អំណាច ក្រោយ​សោកនាដកម្ម​ផ្ទុះ​ដ៏​កក្រើក នៅ​កំពង់ផែ​រដ្ឋធានី​បេ​រូត​

លី​បង់​៖ នាយករដ្ឋមន្ត្រី​លី​បង់ លោក ហាស្សាន ឌី​អាប់ នៅ​ថ្ងៃ​ចន្ទ​នេះ​បានប្រកាសថា រដ្ឋាភិបាល​របស់លោក​បានសម្រេច​ចិត្ត​ចុះ​ចេញពី​អំណាច ក្រោយ​កើតមាន​ករណី​ផ្ទុះ​ដ៏​កក្រើក​នៅ​តំបន់​កំពង់ផែ​រដ្ឋធានី​បេ​រូត នេះ​បើតាម​សារព័ត៌ មាន CNA នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ ។​

​ការប្រកាស​របស់លោក ហាស្សាន ឌី​អាប់ នេះ ធ្វើឡើង​ក្រោយ​បាតុកម្ម​ផ្ទុះឡើង​នៅ​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​លី​បង់ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក ឌី​អាប់ ទទួលខុសត្រូវ​ចំពោះ​ការធ្វេសប្រហែស​ដែល​បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ​។

​បន្ថែម​លើ​នេះ ក្រុមបាតុករ​ក៏បាន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចុះចេញ​ពី​តំណែង និង បើក​ការស៊ើបអង្កេត​រក​ឬ​សគល់ ដែល​បង្ក​ឲ្យ​មាន​ហេតុការណ៍​ផ្ទុះ​កាលពី​ថ្ងៃទី​០៤ ខែសីហា ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​កើន​ដល់​១៦៣​នាក់ និង​ប្រមាណ​៦​ពាន់​នាក់​រងរបួស​នេះ​ផងដែរ ។​

​សូម​រំលឹក​ឡើងវិញ​ថា ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​នៅ​តំបន់​កំពង់ផែ​ទីក្រុង​បេ​រូត គឺជា​ការផ្ទុះ​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ដែលមាន​ទម្ងន់​រហូតដល់​២.៧៥០​តោន​តោន ហើយ​ត្រូវបាន​អាជ្ញាធរ​លី​បង់​អះអាងថា បាន​រក្សាទុក​នៅ​ទីនោះ​អស់​រយៈពេល ០៦​ឆ្នាំ​មកហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close