ពលរដ្ឋ​នៅ​ស្រុក​វើ​ន​សៃ ផ្អើល​ដក​ផ្សិត​ក្ងោក នៅតាម​ព្រៃរបោះ យកមក​ធ្វើជា​អាហារ និង​លក់បាន​ចំណូល​បន្ថែមទៀត

ខេត្តរតនគិរី​៖ ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា រដូវភ្លៀង​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី សប្បាយ​ចិត្តនឹង​មុខរបរ​ដក​ផ្សិត​ក្ងោក នៅតាម​ព្រៃរបោះ ដើម្បី​យកមក​ធ្វើជា​អាហារ និង​សល់​អាច​លក់ដូរ​ខ្លះ​បន្ថែម​ចំណូល​សម្រាប់​ជីវភាព​គ្រួសារ​។

​លោក ថុ​ន ស៊ូ​ខុន អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​វើ​ន​សៃ​សៀម​ប៉ាង នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានឱ្យដឹងថា ក្នុងពេល​ធ្លាក់​ភ្ញៀ​ង​នា​រដូវវស្សា តំបន់ការពារធម្មជាតិ​មួយចំនួន បានផ្តល់​ផល​ផ្សិត​ក្ងោក និង​ប្រភេទ​បន្លែ​ព្រៃ​ផ្សេងទៀត​។

​ផ្សិត​ដែល​គាត់​ដក​បាន បាន​ទុក​សម្រាប់​បរិភោគ និង​សល់​អាច​លក់​ទៅ​ទីផ្សារ​ក្រុង​បា​លុង ដោយ​ក្នុង​១​គីឡូក្រាម បាន​តម្លៃ ១០,០០០​រៀល​ទៅ ១២,០០០​រៀល​ផងដែរ​។ ក្រោយ​ភ្លៀង​ធ្លាក់​ជាប់​គ្នា រយៈ​ចាប់ពី​២​ឬ​៣​ថ្ងៃ​ទៅ ប្រជាពលរដ្ឋ​ស្រុក​វើ​ន​សៃ អាច​រកបាន​ផ្សិត​ក្ងោក បាន​ក្នុង​មួយ​គ្រួសារ បាន​ចន្លោះ​ពី ៥​ទៅ ១០​គីឡូក្រាម ហើយ​មួយថ្ងៃ អ្នកស្រុក រកបាន​សរុបទៅ​ប្រមាណ ៣០០​ទៅ​៥០០​គីឡូក្រាម លក់​នៅលើ​ទីផ្សារ​។ ផ្សិត​ក្ងោក​នេះ មាន​រសជាតិ​ឆ្ងាញ់​ណាស់ ដែល​គេ​អាចយ​កវា​ទៅ​ចម្អិន​ធ្វើ​ម្ហូប​ដូចជា ឆា និង​ស្ងោរ​ជាដើម​។​

​មន្ត្រី​បរិស្ថាន​ខាងលើ បាន​អះអាងថា ធនធានធម្មជាតិ​នឹង​ប្រាកដ​កើតឡើង​យ៉ាង​សម្បូរបែប សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជា​សហគមន៍ និង​ក្លាយជា​តំបន់​ដ៏​មាន​សក្តានុពល​សម្រាប់​ការពង្រីក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា នៅពេល​មានការ​ចូលរួម ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​បានល្អ​ប្រសើរ​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close