ឈើគ្រញូងមួយដើមនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវគេកាប់យកទៅដោយសុវត្ថិភាព

ខេត្តសៀមរាប៖ ដើមឈើគ្រញូងមួយដើមដែលដុះនៅក្នុងឧទ្យានអង្គរ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាត់យកបាត់ដោយសុវត្ថិភាព។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាប មានគេប្រទះឃើញ ដើមឈើគ្រញូងមួយដើម ក្នុងតំបន់ឧទ្យានអង្គរ ដែលគ្រប់គ្រងយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរជាតិអប្សរា ត្រូវជនមិនស្គាល់អត្តសញ្ញាណ លួចកាត់យកទៅបាត់។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចស្តីពីការចុះត្រួតពិនិត្យករណីកាប់ឈើគ្រញូងនោះ បានឲ្យដឹងថា ឈើគ្រញូងដែលគេលួចកាត់នេះមានមុខកាត់ ០.២ម៉ែត្រ។ដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។
ជារឿយៗដើមឈើប្រណិតប្រភេទគ្រញូងនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវបានក្រុមមនុស្សចូលទៅលួចកាត់ជាហូរហែរ។ តួយ៉ាងកាលនៅវេលាម៉ោង១៤ ០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុចព្រៃឧទ្យានអង្គរ ភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានក៏មានករណីជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ។

ទោះជាមានការលួចកាត់យ៉ាងដូច្នេះក្តី ក៏គេពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសបាននៅឡើយ។
យោងតាមក្រុមអ្នកព្រោកប្រាជ្ញតាមតុកាហ្វេបានធ្វើការរិះគន់ថា នៅក្នុងតំបន់ឧទ្យានអង្គរ ដែលគ្រប់គ្រងយ៉ាងតឹងរឹងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា កុំថាឡើយប្រជាពលរដ្ឋជួសជុលលំនៅដ្ឋានបន្តិចបន្តួច សូម្បីសង់តែរោងមាន់ទ្រុងទា ក៏ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់នឹងវាកម្ទេចចោលភ្លាមផងដែរ ។
ក្រុមអ្នកជ្រោកប្រាជ្ញ ហាក់បីដូចជាចង់ចោទប្រកាន់ចំៗ ករណីលួចកាត់ឈើប្រណិតក្នុងតំបន់អង្គរនេះ អាចមានការគប់គិតគ្នាជាមួយមន្ត្រីយាមកាមទាំងនោះហើយ ទើបជនល្មើសអាចកាត់ឈើយកទៅបានដោយសុវត្ថិភាពរាល់លើកដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។