រត់ចែកជើងគ្នា ក្រោយលោកប៉ូលិសផ្កាយមួយស្រវឹង រួចដកកាំភ្លើងគំរាមបាញ់ម្ចាស់ហាង

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែសីហាឆ្នាំ២០២០នេះ មានហេតុការណ៍ផ្អើលឆោរឡោចេញពីហាងផឹកស៉ីមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក្រោយពីមានបុរសស្លៀកពាកស៉ីវិលម្នាក់ប្រដាប់ដោយអាវុធខ្លី១ដើមដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)ផ្ទុះហិង្សាជាមួយម្ចាស់ហាង ដោយដកកាំភ្លើងខ្លីគំរាមបាញ់។

យ៉ាងណា ភ្លាមៗនោះដែរ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយជនបង្កបានព្យាយាមឡើងរថយន្តបើកចេញ តែសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ហើយក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។
បើតាមប្រភពពីកន្លែងកើតហេតុថា មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៉ីក្នុងហាង វិមានព្រិល បានមួយសន្ទុះស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាង ដែលសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់មិនបាន ទើបបង្កជាទំនាស់ឈានដល់ដកកាំភ្លើងគំរាមបែបនេះ។

ក្រោយពេលបញ្ជូនជនបង្កនេះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះឲ្យដឹងថា មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួថារឿងនេះផ្តើមចេញពីមូលហេតុអ្វីឲ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។