២​នាក់​ទៀតហើយ​! កើត​ជំងឺ​កូ​វីដ​១៩ តែ​ជា​ករណី​នាំចូល​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ បានប្រកាសថា រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​បន្ថែមទៀត គឺជា​ជនជាតិ​ចិន និង​ជា​ជនជាតិ​អាមេរិក​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺ​កូ​វីដ​១៩​នេះ គឺជា​បុរស​ជនជាតិ​ចិន អាយុ​២២​ឆ្នាំ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន តាម​ជើងហោះហើរ ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។

​រីឯ​ស្ត្រី​ជនជាតិ​អាមេរិកកាំង អាយុ​២៥​ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក ហើយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។ ស្ត្រី​រូបនេះ​ធ្វើតេស្ត​ពេលមកដល់​ទទួលបាន​ល​ទ្ធ​ផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​យោងតាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប ២៦៨​នាក់ ស្ត្រី ៥៣​នាក់ និង​បុរស ២១៥​នាក់​។ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប ២២០​នាក់ មាន​ស្ត្រី ៤៦​នាក់ និង​បុរស​១៧៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៤៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close