រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បើក​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​១១ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង ឯកសារ​ទីតាំង​ដី នៅក្នុង​តំបន់ការពារធម្មជាតិ​និង របៀង​អភិរក្ស​ជីវៈចម្រុះ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល ជាក់ស្តែង នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។

​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ចំពោះ​កិច្ចប្រជុំ​ថ្ងៃនេះ​គឺ គោរព​តាម​
១-​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សេចក្តីប្រកាស​ព៍​ត័​មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី ៣ កក្កដា ឆ្នាំ​២០២០
២-​អនុសាសន៍​រំលឹក​ឡើងវិញ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង FB ផេ​ក​ផ្លូវការ​របស់​សម្តេច នៅ​ថ្ងៃទី ០៥ កក្កដា ឆ្នាំ ២០២០
៣-​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការជំរុញ​ការទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ នៅតាម​បណ្តា​ខេត្ត​នានា​។

​គួរ​បញ្ចា​ក់ថា កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២0 នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ភារកិច្ច​ជូន ទៅ​ក្រសួង​ទាំង​៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ អោយ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ ក្រសួងបរិស្ថាន បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង ដែលមាន​ក្រុមការងារ​អន្តរក្រសួង និង​អនុ​ក្រុមការងារ​ចុះ​ទីវាល​ក្រុង​ស្រុក​ទាំង​៧​នៃ​ខេត្តកោះកុង និង សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close