ពលរដ្ឋ​មួយ​គ្រួសារ យក​គ្រាប់​ច្នៃ​ធ្វើជា​ចង្ក្រាន​ដាំ​ស្ល សំណាងល្អ​មិន​ផ្ទុះ

​ខេត្តសៀមរាប​៖ អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​មួយ​គ្រួសារ បាន​យក​គ្រាប់​ច្នៃ​ធ្វើជា​ចង្ក្រាន​ដាំ​ស្ល នៅក្បែរ​ផ្ទះ សំណាង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារ​គ្រាប់​នៅ​ទាន់​ផ្ទុះ​។​

​អាជ្ញាធរ​មីន បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ នៅ​ភូមិ​ខ្សាច់​អំពិល ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​រកឃើញ​គ្រាប់​ត្បាល់​៦០​ម​ម ចំនួន​៨​គ្រាប់ គ្រាប់ផ្លោង​៧៥​ម​ម​ចំនួន ៣​គ្រាប់ គ្រាប់​មិន​ធាក់​ថយ​១០៦​ម​ម ចំនួន​១ គ្រាប់ឡង់ ៤០​ម​ម​ចំនួន​១ គ្រាប់ សរុប​ចំនួន ១៣​គ្រាប់​។

​គ្រាប់​ទាំងនេះ ប្រជាពលរដ្ឋ​ប្រទះឃើញ​លើដី​ចម្ការ និង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​យក​គ្រាប់​មក​ឆ្នៃ​ធ្វើជា​ចង្ក្រាន​ដាំ​ស្ល​ក្បែរ​ផ្ទះ ហើយ​ក្រុមការងារ​CSHD បាន​អប់រំ និង​ចល័ត​វា​យកទៅ​បំផ្លាញចោល​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close