ឯកឧត្តម ទៀ សីហា ចុះ​ពិនិត្យ​ការងារ​រៀបចំ​កម្មវិធី “​សម្រាក​សៀមរាប​” ត្រៀម​សម្រាប់​ថ្ងៃ​ឈប់សម្រាក​នេះ​

​ខេត្តសៀមរាប​៖ នៅ​ដើម​សប្តាហ៍​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ទីតាំង​រៀបចំ​ពិធី សម្រាក​សៀមរាប នៅ​ដងស្ទឹង​សៀមរាប ចន្លោះ​ពី​ស្ពានថ្ម​ព្រះ​ដំណាក់ មក​ដ​លើ​ស្ពាន​វត្ត​រាជ​បូរ​ព៌​។​

​កម្មវិធី​សម្រាក​សៀមរាប នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី​១៦ ដល់​២១ ខែសីហា ឆ្នាំ​២០២០ នៅ​ថ្ងៃ​មន្ត្រីរាជការ កម្មករ វិ​យោ​ជិ​ក ឈប់សម្រាក​សង​ទៅនឹង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ដែល​បានរៀបចំ​កម្មវិធី​ជាច្រើន មាន​ទាំង​កម្មវិធី​បែប​ប្រពៃណី​យ៍ សាសនា ជិះ​កង់​សប្បុរសធម៌​កាកបាទក្រហម ផ្សារ​បណ្តែត​ទឹក ការតាំង​ពិ​ព័រ​ណ៌ និង​ការ​ជិះ​កង់ បោះតង់​លើ​ភ្នំ​គូលែន​ជាដើម​។​

​ក្នុង​ការចុះពិនិត្យ​នោះដែរ ឯកឧត្តម ទៀ សីហា ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមការងារ បច្ចេកទេស​ក្នុងការ​រៀបចំ ធ្វើការ​តុបតែង លម្អ ដោយមាន​ការដាក់​នូវ​ទង់ជ្វាលា ភ្លើងគោម​លម្អ​ទៅដោយ​គ្រប់​ពណ៌ ក្នុង​ការលើក​នូវ សោ​ភណ្ឌ​ភាព​ដងស្ទឹង​ប្រវត្តិសាស្ត្រ ព្រមទាំង​លម្អ​ទៅដោយ​សម្រស់​ផ្កា​ចម្រុះ​ពណ៌ ប្រកបដោយ​លក្ខណៈ​ជា​សម្រស់ ធម្មជាតិ នៃ​វប្បធម៌​ជាតិខ្មែរ​យើង​។​

​ឯកឧត្តម ក៏បាន​ធ្វើការ​ក្រើនរំលឹក​ផងដែរ ចំពោះ​ការរៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង គឺត្រូវធ្វើ​ការពិនិត្យ​ឲ្យ​ដិតដល់​ពី​បច្ចេកទេស​ក្នុង​ការតភ្ជាប់​ចរន្ត​ភ្លើង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​កើត​នូវ​ប្រការ​អាក្រក់​ណាមួយ ដល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី សម្រាក​សៀមរាប​នេះ ហើយក៏​បានធ្វើការ​ក្រើន រំលឹក​ដល់​ក្រុមការងារ​គ្រប់គ្រង​បរិស្ថាន អនាម័យ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការសម្អាត​បរិស្ថាន អនាម័យ​នៅតាម​ដងស្ទឹង ដើម្បី​ធ្វើ​ឲ្យ​ទឹកស្ទឹង​សៀមរាប យើង​មាន​សម្រស់​ស្រស់ត្រកាល និង ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ក្រោយពី​ការបញ្ចប់​នូវ​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩ នេះ​ទៅ​

​បន្ថែម​លើស​នេះ​ទៀត ឯកឧត្តម ក៏បាន​ណែនាំ​ក្រុមការងារ​ទាំងអស់​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ និង​សុវត្ថិភាព​ទេសចរណ៍​តាម​គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close