ឃាត់ខ្លួនចិន៤នាក់ ករណីដាក់ថ្នាំសណ្តំលើចិនដូចគ្នា ឲ្យវេលុយតាមវីឆាត អស់ជាង៦ម៉ឺនដុល្លារ

ព្រះសីហនុ៖ នគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណីជនសង្ស័យចំនួន ៤នាក់ ជាជនជាតិចិន បានដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះ ជាជនជាតិចិនដូចគ្នាផឹក ដើម្បីបំភ័ន្តចិត្តឲ្យវេលុយតាមវីឆាតចូលក្នុងគណនីជនសង្ស័យ កាលពីដើមសប្តាហ៍នេះ នៅក្រុងព្រះសីហនុ។

ជំនាញ បានបញ្ជាក់ថា ករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះផឹក រួចបំភន្ត័ឲ្យជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ គឺមានទឹកប្រាក់ចំនួន ៦៤,៨៩០ដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី២ សីហា កន្លងទៅ នៅចំណុចហាងបាយ ជប៉ុន ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ រីឯជនសង្ស័យទាំង៤នាក់ មានឈ្មោះ Wang Bin ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន, ឈ្មោះ Li Zhi Shun ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន, ឈ្មោះ Zhou Wei You ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន និងឈ្មោះ Pei Quay ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងចាត់វិធានការបន្តតាមផ្លូវច្បាប់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។