ករណីផ្ទុះកក្រើកនៅលីបង់! មនុស្សស្លាប់កើនឡើងជាង ១៧០នាក់ បាត់ខ្លួនជាង ៣០នាក់ទៀត

លីបង់៖ រដ្ឋមន្ត្រីសុខាភិបាលលីបង់ ដែលចុះចេញពីតំណែង លោក Hassan Hamad បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ កាលពីសប្តាហ៍មុន នៅឯកំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ បានកើនឡើងដល់១៧១នាក់ នេះបើតាមសារព័ត៌មានស៊ិនហួ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

លោក Hamad បានប្រាប់អ្នកយកព័ត៌មានថា ចំនួនមនុស្សដែលកំពុងបាត់ខ្លួន មានចម្លោះពី៣០ទៅ៤០នាក់ ។ ចំពោះអ្នករងរបួសវិញ លោកបានលើកឡើងថា មានអ្នករងរបួសប្រមាណ១.៥០០នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះ១២០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។
សូមរំលឹកថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅទីក្រុងបេរូត កាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីឃ្លាំងទុកចោលយ៉ាងធ្វេសប្រហែស ដែលមានអាម៉ូញ៉ូមនីត្រាត ចំនួន២.៧៥០តោននៅក្នុងនោះ។ ការផ្ទុះនេះបានបណ្តាលឲ្យមានការខូចខាតយ៉ាងធំនៅក្នុងទីក្រុងមួយនេះ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ គ្មានផ្ទះសម្បែងរស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។