លោក ងួន រតនៈ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែកក្កដា និង​លើក​ទិសដៅ​បន្ត​

​បាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល ខេត្តបាត់ដំបង ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត លោកស្រី នាយក​រដ្ឋបាលខេត្ត​ស្តីទី ទីបញ្ជាការដ្ឋាន​ប្រតិបត្តិការ​សឹង​រង​ខេត្ត សាលាដំបូង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត លោក អភិបាល អភិបាលរង ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ក្រោយ​បាន​ស្តាប់​របាយការណ៍​ប្រចាំខែ​កក្កដា និង​ការរាយការណ៍​បន្ថែម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល មន្ទីរ សង្គមកិច្ច និង​មន្ទីរ​ទេសចរណ៍​ខេត្ត​រួចមក​លោក ងួន រតនៈ បានអនុញ្ញាត​ឱ្យ លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ធ្វើការ​ផ្សព្វផ្សាយ​លិខិត​លេខ ១៩៦៣ សជណ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ របស់ ក្រសួងមហាផ្ទៃ​ស្តីពី​ការជំរុញ​ការ​ទប់​ស្តា​ត់​ការកាប់​រាន ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅក្នុង​តំបន់​ការពារ ធម្មជាតិ​នៅតាម​ខេត្ត​នានា និង​ធ្វើការ​ផ្សព្វផ្សាយ​លិខិត​លេខ ១៨៤១ ដន​ស​/​អស​ដក ចុះ​ថ្ងៃទី​២៥ ខែម​ថុ​នា ឆ្នាំ ២០២០ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្តីពី​សំណើសុំ​គាំទ្រ​លើ​ការចុះបញ្ជី​ដី​រដ្ឋ​ដោយ​មិន​កាត់​ឆ្វៀល ផ្លូវ បឹង អូរ ស្ទឹង ជាពិសេស​នៅ​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​តំបន់ការពារធម្មជាតិ​។​

​លោក ងួន រតនៈ ណែនាំ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​លទ្ធភាព​រៀបចំ​ទី​សំណាក់​របស់​ជន​អានា​ថា​ដើម្បី​ប្រមូលផ្តុំ​ពួកគាត់​ឱ្យ​រស់នៅ​មួយកន្លែង​ងាយស្រួល​ក្នុង​ការផ្តល់សេវា​សុខភាព សេវា​អប់រំ និង​សេវា​ផ្សេងៗ​ដល់​ពួក គាត់ ហើយ​រដ្ឋបាលខេត្ត​គ្រោង​នឹង​រៀបចំ​អនុគណៈ​ដោះ ស្រាយ​បញ្ហា​ជន​អានា​ថា​ក្នុង​ខេត្តបាត់ដំបង​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​សង្កត់​យ៉ាង​ធ្ងន់​ផង​ចំពោះ​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ឱ្យបាន​ម៉ឹងម៉ាត់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ចំពោះ​អាហារ​ដ្ឋា​ន ផ្ទះសំណាក់ កន្លែង​កំសាន្ត និង​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត ត្រូវមាន​ការត្រួត ពិនិត្យ ការ​វាស់​កំដៅ និង​បាញ់​អាកុល នៅមុខ​ច្រកចេញ​ផងដែរ ហើយ​ប្រសិនបើ​ម្ចាស់​ទីតាំង​មិន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការណែនាំ​របស់​រាជ រដ្ឋាភិបាល រដ្ឋបាល​ក្រុង ស្រុក និង​ជា​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ត្រូវមាន​វិធានការ​ផ្អាក​ជា​បណ្តោះ​អា សន្ន និង​ធ្វើការ​ពិនិត្យ​នៅពេល​យប់​ខ្លាច​មាន​អាហារ​ដ្ឋា​ន​ខ្លះ​លួច​បើក​ខារ៉ាអូខេ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close