លោកជំទាវ ហេង សំអាន ប៉ែន កុស​ល្យ នាំយក​អំណោយ​ចែកជូន​គ្រួសារ​ទីទាល់ក្រ ៥​គ្រួសារ នៅ​សង្កាត់​សំរោង

​ខេត្តឧត្ដរមានជ័យ​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ ហេង សំអាន ប្រធាន​កិ​តិ្ត​យស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តឧត្ដរមានជ័យ តំណាង ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ខេត្ត ចុះជួយ​គ្រួសារ​ទីទាល់ក្រ​ចំនួន​៥ គ្រួសារ ស្ថិតនៅក្នុង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​

​លោកជំទាវ បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​មនុស្សធម៌ ដែល​បាន​នាំយកមក ចែកជូន​បងប្អូន​នាពេលនេះ ទោះ​មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់ របស់​ក្រុមគ្រួសារ តែ ក៏​អាចជួយ​សម្រាល​ទុក្ខលំបាក បាន​មួយ កម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្ត ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស គឺ​កាកបាទក្រហមកម្ពុជា​។​

​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ ណាមួយ​ឡើយ ទីណា​មាន​ទុក​លំបាក​ទីនោះ​តែងតែមាន​កាកបាទក្រហម​ចុះជួយ​ជានិច្ច ។​

​សូមបញ្ជាក់​អំណោយ​ដែល​នាំមក​ចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ប្រាំ គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​ប​បាន សម្ភារៈ​ឃី​ត​១ ឈុត​, អង្ករ​២៥ គីឡូក្រាម​, មី​១ កេស​, ទឹក​ផ្លែឈើ​១ កេស​, ទឹក​សុ​ទ្ធុ​ទ្ធ​កម្ពុជា​១ កេស​, ទឹក​ស៊ី​អ៉ី​វ​១ យួរ​, ត្រីខ​១ យួរ និង​ថវិកា​៥០,០០០ រៀល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close