គ្រូបង្វឹក Leonardo លាឈប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោយ​ដឹកនាំ​បាន ៩​ខែ​

គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល លោក Leonardo Vitorino បាន​លាលែង​ពី​តំណែង​ហើយ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែតុលា​នេះ ក្រោយ​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា​បានតែ​៩​ខែ តាំងពី​ខែមករា ជំនួស​កៅអី​លោក Lee Tae Hoon​។​

​ចម្ងល់​ជាច្រើន​បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី​លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បង្ហោះ​សារ​ដ៏​កក្រើក​មួយ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់ខ្លួន នា​រាត្រី​ថ្ងៃទី​១៩ ខែតុលា​នេះ ដែល​ខ្លឹម​សាសរ​ក្នុង​សារ​របស់លោក ហាក់​បញ្ជាក់​ពី​គម្រោង​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ បានសរសេរថា «​សូម​អរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ពេលវេលា​ដ៏​អស្ចារ្យ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាជន​ទាំងអស់​ដែល​ធ្វើអោយ​ខ្ញុំ​មានឱកាស​ធ្វើការ​នៅទីនេះ (​បុគ្គលិក​មន្ត្រីរាជការ កីឡាករ​អ្នក​គ្រប់​គ្រ ង​និង​គ្រូបង្វឹក​)​។ សូម​អភ័យទោស​ចំពោះ​ការមិនអាច​ផ្លាស់ប្តូរ​អ្វីមួយ​បាន​»​។​

​លោក​បន្ដថា «​ខ្ញុំ​សូម​ជូនពរ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បានការ​រីកចំរើន និង​ល្អ​បំផុត ហើយ​សូម​អរគុណ​ចំពោះ​ឱកាស​អោយ​ខ្ញុំ ដើម្បី​ដឹកនាំ​បាល់ទាត់​ក្រុម​ជំរើសជាតិ​កម្ពុជា​។ សូម​អរគុណ​ផងដែរ អ្នក​ឧបត្ថម្ភ​៖ Smart, SCG, Clear … នឹង អ្នក​ដ៏ទៃទៀត ។ ខ្ញុំ​នឹងមិន​ភ្លេច​អ្នកគាំទ្រ​កម្ពុជា​ទេ !!!»​។​

​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​ថ្លែងប្រាប់ Fresh News នៅមុននេះ​បន្តិច​ថា ការប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ​២០១៧ នេះ មន្ត្រី​បច្ចេកទេស លោក អូ​ហា​រ៉ា នឹង​ដឹកនាំ​បណ្តោះអាសន្ន ពេល​កម្ពុជា​ប្រកួត​ទល់នឹង​ហ្ស៊​កដា​នី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​វគ្គ​ជម្រុះ​ពាន​អាស៊ី AFC Asian Cup 2019៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close