គ្រោះថ្នាក់​ចរាចរណ៍​២​ករណី ត្រង់ចំណុច​តែមួយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ជិត ៣០​នាក់​

​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ធំ តូច និង​ម៉ូតូ​ច្រើន​គ្រឿង​ទៀត កាលពី​យប់ ថ្ងៃទី​១១ សីហា ម្សិលមិញ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​ជិត ៣០​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល លើផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បើតាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​បញ្ជាក់ថា ករណី​បុក​ប៉ះគ្នា​នោះ បាន​ខូចខាត​រថយន្ត​ចំនួន ៥​គ្រឿង​, ម៉ូតូ​ចំនួន ៤​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២៩​នាក់​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​FUSO ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ ព្រះសីហនុ​3A-7073 ក្រុមហ៊ុន​SP បើក​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ បាន​ចុះ​ចំណោត ស្រាប់តែ​តែ​រថយន្ត ដាច់​ហ្វ្រាំង​ហើយ​ជ្រុល​ទៅបុក​រថយន្ត​ចំនួន ៣​គ្រឿង ដែលមាន​ទិសដៅ​ស្របគ្នា​។​
​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ កែវ សៅ​ភី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​ភូមិ​សាលា ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

​ស្រាប់តែ​មួយសន្ទុះ​ក្រោយ ក៏មាន​រថយន្ត​ដឹក​កុងតឺន័រ ១​គ្រឿង​ទៀត ម៉ាក international ពណ៌​ប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​3D-6269 ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​ដូចគ្នា មកដល់​ចំណុចកើតហេតុ​ដដែល បានគេច​រថយន្ត​១​គ្រឿង ម៉ាក​LEXUS RX330 ដែល​ជួប​គ្រោះថ្នាក់ ចត​នៅ​កណ្តាលផ្លូវ​នោះ ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង​បន្ថែមទៀត ដែល​គេ​ចត​ឈប់​មើល​គ្រោះថ្នាក់​នោះ ទើប​បណ្តាល​ឲ្យ​មាន​ស្លាប់​ម្នាក់ និង​រងរបួស​ចំនួន ២៩​នាក់​តែម្តង​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ឆឹង ប៊ុន​ឆេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ចាម​ក្រោម ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​។​

​ករណី​នេះដែរ កម្លាំង​ជំនាញ បាន​ចុះ​អន្តរាគមន៍ និង​បាន​នាំខ្លួន​អ្នកបើក មក​សាកសួរ​មក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close