អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ថ្មី ៤​នាក់​ទៀត ត្រូវបាន​រកឃើញ​ជា​ករណី​នាំចូល តែ​ក៏មាន​អ្នកជា​សះស្បើយ​៣​នាក់​ដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ថ្មី ៤​នាក់​ទៀត ជា​ករណី​នាំចូល​មកពី​ប្រទេស​រុ​ស្ស៉ី និង​ឥណ្ឌូនេស៊ី តែ​ក៏មាន​អ្នកជំងឺ ៣​នាក់​ទៀត បានជា​សះស្បើយ​ផងដែរ​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៤​នាក់​នេះ គឺជា​បុរស​ជា​ជាតិខ្មែរ ៣​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​រុ​ស្ស៉ី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ និង​អ្នកជំងឺ​ម្នាក់ទៀត ជា​បុរស​ខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​ដោយឡែក​អ្នក​ដែល​ព្យាបាល​ជាសះស្បើយ​វិញ គឺជា​បុរស​ជនជាតិខ្មែរ​ទាំង ៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​១៩ សរុប ២៧២​នាក់ ស្ត្រី ៥៣​នាក់ និង​បុរស ២១៩​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាមាន​ចំនួន​សរុប ២២៣​នាក់ ស្ត្រី ៤៦​នាក់ និង​បុរស ១៧៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៤៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close