យុវជន​មួយក្រុម ផ្តើមគំនិត​ផលិត​ចាន​ធ្វើ​ពី​ស្លឹកឈើ ប្រើ​ជំនួស​ផ្លា​ស្ទិ​ក​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ដោយ​មើលឃើញ​ផលវិបាក ដែល​កើតចេញពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ពិសេស​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ផង​នោះ យុវជន​មួយក្រុម នៃ​វិទ្យាល័យ​តេ​ជោ​សែន​សំរោង ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បង្កើត​គំនិត​កែច្នៃ​ប្រភេទ​ស្លឹកឈើ ធ្វើជា​ចាន​សម្រាប់​ដាក់​ម្ហូបអាហារ​ប្រចាំថ្ងៃ​ជំនួស​ចាន​ធ្វើ​ពី​ប្លា​ស្ទិ​ក​វិញ​។


​
សូមជម្រាបថា គម្រោង​មាន​ឈ្មោះថា ”​ដើម្បី​សហគមន៍​ខ្ញុំ​” បាន​លើក​ចេញ​ជា​ពាក្យស្លោក «​ចូលរួម​ថែរក្សា កា​ពារ និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើងទាំងអស់គ្នា​» បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​មាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ហើយ​នាំគ្នា​ងាក​មកប្រើប្រាស់​ស្លឹកឈើ​ធម្មជាតិ នៃ​ព្រៃ​សហគមន៍​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​។​

​លោក អោក គិ​ម​សួរ ប្រធាន​ក្រុមយុវជន​ស្ម័​គ​ចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ បានឱ្យដឹងថា គម្រោង​ធ្វើ​ចាន ដែល​ផលិត​ចេញពី​ស្លឹកឈើ ប្រ​ភ​ទ​ឈើ​ខ្លុង ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅឡើយ​។​ក្រុមយុវជន​កំពុង​រៀបចំ​សាកល្បង​និង​បន្ត​សិក្សា​រួមគ្នា​បន្ថែមទៀត ទាំង​ការ​រចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃ​និង​ពី​គុណភាព​រក្សាទុក​ផងដែរ​។​

​លោក លឿន ឆៃ​មិញ​ជូ សិស្ស​វិទ្យាល័យ​ហ៊ុន សែន​ឧ​ត្ត​រ​មានជ័យ បាន​សំណូមពរ​ដល់​ប្រជា​រដ្ឋ​ក្នុង​សហគមន៍​ឱ្យចូល​រួមកា​ត់ប​ន្ថ​ការប្រើប្រាស់​ចាន​ស្នោរ​ឬ​ចាន​ប្លា​ស្ទិ​ក និង​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​ត្រូវ​រួមគ្នា​ផលិត​ចាន​ស្លឹកឈើ ដែល​អាច​រក​ចំណូល​ពី​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ថែមទៀត​។​

​ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះប្រធាន​សង្ឃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខា​វ័ន បាន​សាទរ​ចំពោះ​គម្រោង​ស្រាវជ្រាវ​មួយ​នេះ​។ អ្វីដែល​រំពឹងទុក​នោះ ចាន​ផលិតឡើង​ពី​ស្លឹកឈើ​ធម្មជាតិ ដែល​ទាញយក​ពី​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន នឹង​អាច​ប្រើ​ជំនួស​ចាន​ស្នោរ​ឬ​ចាន​ប្លា​ស្ទិ​កបាន​នា​ថ្ងៃ​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close