អាជ្ញាធរ​ខេត្តសៀមរាប គាំទ្រ​ចំណាត់ការ ហាមឃាត់​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ដោយមាន​កា​រិះគន់​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ក្នុងនាម​អាជ្ញាធរខេត្ត សូម​គាំទ្រ​ចំណាត់ការ​របស់​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ស្ដីពី​ការហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ​។​

​លោក បាន​បញ្ជាក់ថា ការបរិភោគ​សាច់សត្វ​សុនខ​នេះ វា​អាចធ្វើ​ឲ្យ​មាន​ជំងឺ​អាសន្នរោគ និង​ជំ​ងី​ផ្សេងៗ​ទៀត រួមទាំង​មេរោគ​កូ​វីត ជាពិសេស​ធ្វើ​ឲ្យ​សុខភាព​អ្នក​បរិភោគ​ចុះ​ទន់ខ្សោយ​ឬ​អាច​ដល់​ស្លាប់​ក៏​ថា​បានដែរ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​អ្ន​ក​ប្រកបមុខរប​ប​នេះ គួរតែ​ប្ដូរ​ទៅ​ប្រកបមុខរបរ​ផ្សេង​តាមតែ​អាចធ្វើ​ទៅបាន រួមទាំង​អ្នក​បរិភោគ​ផងដែរ គួរតែបញ្ឈប់​ការ​បិ​ភោគ​សាច់សត្វ​សុនខ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ ដោយ​បញ្ជាក់ថា ការដើរ​ទិញ​លក់​និង​ពិឃាតសត្វ​អាណាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​នេះ វា​ផ្ទុយ​នឹង​ខ្លឹមសារ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង ផលិតកម្ម​សត្វ​ផង និង ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង​។

សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹងថា​៖ កន្លងមក​នៅ​ទូទាំង​ខេត្តសៀមរាប មាន​ទីតាំង​លក់ និង​ពិឃាត​ចំនួន ២៥​កន្លែង ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់​ប្រមាណ ១៣​កន្លែង និង​សន្យា​ឈប់​បន្ត​អាជីវកម្ម​លក់ ពិឃាតសត្វ​សុនខ​នេះ​ជា​បន្តបន្ទាប់ ដោយ​ចាប់​ប្រកបមុខរបរ​ផ្សេងៗ​ទៀត​ដែល​ច្បាប់​អនុញ្ញាត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close