ករណី​ដុត​ផាវ​ភ្លើង​៖ AFC ពិន័យ​វៀតណាម​១៥០០០​ដុល្លារ និង​កម្ពុជា​៥០០០​ដុល្លារ​អាមេរិក​

សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) កាលពី​ថ្ងៃទី​២៧ ខែតុលា បាន​ផ្សព្វផ្សាយ​ការសម្រេច​ពិន័យ​ជិត​៥០​ករណី​ទាក់ទង​នឹង​ការរៀបចំ​ការប្រកួត ក៏ដូចជា​ភាពមិនប្រក្រតី​នានា​ក្នុង​ការប្រកួត​បាល់ទាត់​នៅ​អាស៊ី​។ ករណី​ផាវ​ភ្លើង​របស់​ក្រុម​អ្នកគាំទ្រ​វៀតណាម នា​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​៥ ខែកញ្ញា ក៏ត្រូវ​រង​ការពិន័យ​ផងដែរ​។​

​គណៈកម្មការ​វិន័យ និង​ក្រមសីលធម៌​របស់ AFC បានសម្រេច​ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម ក្នុង​ទឹកប្រាក់​១៥០០០​ដុល្លារ​អាមេរិក ពីបទ​រំលោភ​លើ​លក្ខន្តិកៈ​មាត្រា ៦៥.១ ដោយសារតែ​អ្នកគាំទ្រ​វៀតណាម បាន​ដុត​ផាវ​ភ្លើង រហូតដល់​ទៅ​២​លើក នា​អំឡុង​នៃ​ជំនួប​រវាង​កម្ពុជា និង​វៀតណាម ក្នុង​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ករណី​ដូចគ្នា​ផងដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត ត្រូវ​រង​ការបន្ទោស​ថា មិនមាន​ការរៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​បណ្តោយ​ឲ្យ​អ្នកគាំទ្រ​វៀតណាម​យក​ផាវ​ភ្លើង​ចូល​កីឡដ្ឋាន​។ កម្ពុជា រង​ពិន័យ​ជា​ទឹកប្រាក់ ៥០០០​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close