ផ្លូវជាតិ​លេខ​៥១ ចាប់ពី​ផ្លូវបំបែក​ឧដុង្គ ដល់​ថ្នល់ទទឹង ចំណាយ​ថវិកា​ជាង ៤០,៨៨លាន​ដុល្លារ​អាមេរិក​

​ខេត្តកំពង់ស្ពឺ​៖ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ ជាតិ​លេខ​៥១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អ្នកជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ឱ្យ​គោរព​ច្បាប់ ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​គេចផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើង​ដោយ​ការធ្វេសប្រហែស​ធ្វើឱ្យ​យើង​មាន​វិប្បដិសារី​អស់​មួយជីវិត និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​កុំ​ផ្ទុកទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់ដោយ​ច្បាប់​បណ្ដាលឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុកាល​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ក្រុមហ៊ុន​សាងសង់ ក៏ដូចជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សាង សង់​ឱ្យ​មានគុណ​ភាពល្អ ស្របតាម​លក្ខខណ្ឌ​បច្ចេកទេស​ត្រឹមត្រូវ និង​សោភ័ណ​ភាពល្អ​។​

​សូម​ជម្រាបជូន​ថា​៖ ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៣៧,៩៥​គីឡូម៉ែត្រ គិត​ចាប់ពី​ផ្លូវបំបែក​ឧដុង្គ (​ផ្លូវជាតិ​លេខ​៥) ដល់​ថ្នល់ទទឹង (​ផ្លូវជាតិ​លេខ​៤) សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ចំណាយ​ថវិកា​អស់ ជាង ៤០,៨៨ លាន​ដុល្លារ​អាមេរិក បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ និង​បាន ប្រគល់​ទទួល​ជា​បណ្ដោះអាសន្ន​នៅ​ឆ្នាំ​២០១៩ និង​ស្ថិតក្រោម​ការជួសជុល​ថែទាំ​របស់​ក្រុមហ៊ុន​សាងសង់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close