កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា RAID Amazones នៅលើទឹកដីអង្គរ
RAID Amazones ដែលជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក បានប្រារព្ធធ្វើឡើងជាលើកទី២នៅលើទឹកដីអង្គរកាលពីថ្ងៃម្សិលមិញ។
លោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា នេះជាមោទនភាពណាស់សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះជាលើកទី២នៅលើទឹកដីអង្គរសម្រាប់ព្រឹត្តិការណ៍កីឡា RAID Amazones លំដាប់ពិភពលោក។ នៅក្នុងឆ្នាំនេះ មានកីឡាការនីចូលរួមចំនួន៣៤៧នាក់ មានអាយុចាប់ពី២៨ឆ្នាំដល់៥០ឆ្នាំ មកពីប្រទេសបារាំង ស្វីស បែលហ្សិក កាណាដា និងបណ្តាប្រទេសមួយចំនួនតូចទៀតដែលនិយាយភាសាអង់គ្លេស។
លោក សុជាតិ បន្តទៀតថា កម្មវិធីកីឡានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តស្ត្រីថា ពួកគាត់ក៏អាចធ្វើការងារនិងចូលរួមកីឡាបានដូចបុរសដែរ ទាំងរត់ចម្ងាយ ជិះកង់ និងចែវទូក ដែលនេះជាវិញ្ញាសារបានកំណត់ក្នុងកម្មវិធីរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៧។ តាមរយៈព្រឹត្តិការណ៍កីឡានេះ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន ជាក់ស្តែងពេលរត់ចម្ងាយ ពួកគេនឹងបានស្គាល់ពីប្រាង្គប្រាសាទដ៏ច្រើនសន្ធឹករបស់ខ្មែរ ពេលជិះកង់ពួកគេបានស្គាល់ពីការរស់នៅរបស់ប្រជាជន ភូមិសាស្ត្រ ទិដ្ឋភាពវាលស្រូវ វាលស្រែដ៏ស្រស់ស្អាត និងពេលចែវទូក ពួកគេនឹងបានស្គាល់ពីសក្តានុពលទេសចរណ៍នៅបឹងទន្លេសាបនៃកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា RAID Amazones នឹងរៀបចំជាលើកទី៣នៅលើទឹកដីអង្គរម្តងទៀត នាខែមីនា ឆ្នាំ២០១៨ ដែលមានកីឡាការនីចូលរួមចំនួន២៥០នាក់បន្ថែមទៀត។ ចំនួននេះគឺដោយសារអ្នកចូលរួមនៅវគ្គទី២មានច្រើនលើសកំណត់។ នេះជាមោទនភាពណាស់ ដែលការរៀបចំកីឡា RAID Amazones កាលពីឆ្នាំ២០១៤បានជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យអ្នកចូលរួមចាស់ថ្មី មានបំណងចង់មកកាន់ទឹកដីអង្គរជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។