ប្រព័ន្ឋស្បៀងបម្រុងកម្ពុជា បន្តផ្តល់គ្រាប់ពូជបន្លែជូនដល់កសិករ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំលាងដៃ ស្រុកអង្គរធំ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែកគ្រាប់ពូជបន្លែ ដោយឥតគិតថ្លៃជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ជាលក្ខណៈគ្រួសារ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានថ្លែងថា ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាព” ជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែល វាជួយផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញដល់ពួកគាត់ដោយបានកាត់បន្ថយការចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាពព្រោះយើងដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីក្រៅឡើយ។
សូមបញ្ជាក់ថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១២ ហើយកិច្ចដំណើរការរបស់ប្រព័ន្ធនេះ គឺត្រូវបានប្រើប្រាស់ថវិកាជាតិ១០០% ។ ក្រៅពីកញ្ចប់ថវិកាសម្រាប់ការផ្គត់ផ្គង់ ចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ នៅមានបម្រុងស្បៀងជាអង្ករសម្រាប់អន្តរាគមន៍នៅពេលមានគ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងនោះដែរបានត្រៀមគ្រាប់ពូជស្រូវបម្រុងប្រមាណជា ៣០០០តោន ក្នុងមួយឆ្នាំៗ។
ដោយឡែកសម្រាប់ខេត្តសៀមរាប ការផ្តល់ជូនពូជបន្លែចាប់ពីចុងខែកក្កដា ឆ្នាំ២០២០មកដល់ពេលនេះ គឺបានស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ដោយក្រុមការងារលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា បាននាំយកពូជបន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និងស្ពៃចង្កើះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។