WHO អះ​អា​ងថា កូ​វីដ​១៩ មិន​ឆ្លង​ពី​ស្លាបមាន់ និង​បង្គារ​នោះទេ​

​បរទេស​៖ ទីក្រុង​២ នៅ​ប្រទេស​ចិន ថ្មីៗ​នេះ បានប្រកាស​ពី​ការរកឃើញ​វីរុស​កូ​វីដ​១៩ នៅក្នុង​អាហារ​ក្លាសេ នាំចូល​ពី​ក្រៅប្រទេស នេះ​បើតាម​អាជ្ញាធរ​បញ្ជាក់​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​ថា​មិនទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា វីរុស​នេះ​ឆ្លងតាម​ខ្សែចង្វាក់​ម្ហូបអាហារ​នៅឡើយ​ទេ​។​

​ទីក្រុង​សិន​ជិន បាន​រាយការណ៍​ពី​ការរកឃើញ​វីរុស​កូ​រ៉ូ​ណា​នៅលើ​ស្លា​មាន់​ក្លាសេ នាំចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល ខណៈដែល​ទីក្រុង​ស៊ី​អាន​ក៏​រកឃើញ​វីរុស​នេះ​ពី​បង្គារ​ក្លាសេ​នាំចូល​ពី​ប្រទេស​អេ​ក្វា​ឌ័​រដែរ​។​

​វីរុស​កូ​រ៉ូ​ណា​អាច​រស់នៅ​រហូតដល់​២​ឆ្នាំ​នៅ​សីតុណ្ហភាព​ក្រោម​២០​អង្សា​សេ ប៉ុន្តែ​ទាំង​អ្នកវិទ្យាសាស្ត្រ​និង​មន្ត្រី​ជំនាញ​ថា ពុំទាន់​មាន​ភស្តុតាង​ច្បាស់លាស់​ថា វីរុស​នេះ​អាច​ឆ្លងតាម​អាហារ​ក្លាសេ​នៅឡើយ​ទេ​។​

​ប្រធាន​កម្មវិធី​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO លោក Mike Ryan បាន​អះអាងថា «​មនុស្ស​មិនគួរ​ខ្លាច​អាហារ សំដៅ​ការ​កញ្ចប់​អាហារ ឬ ការដឹកជញ្ជូន​អាហារ​» ដោយ​លោក​បាន​បន្ថែមថា «​គ្មាន​ភស្តុតាង​ណា​ដែលថា អាហារ ឬ​ខ្សែចង្វាក់​ផ្គត់ផ្គង់​អាហារ មាន​ពាក់ព័ន្ធ​នឹង​ការចម្លង​វីរុស​នេះ​ទេ ហើយ​មនុស្ស​គួរតែមាន​អារម្មណ៍ល្អ​ជាធ​ម្មដា និង​សុវត្ថិភាព​ជាមួយ​អាហារ​ទាំងនោះ​» ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close