ថ្ងៃទី៣! នាឱកាសឈប់សម្រាក ភ្ញៀវទេសចរជាង ៣២ម៉ឺននាក់ ចេញដើរកម្សាន្ត

ភ្នំពេញ៖ ក្នុងថ្ងៃទី៣ នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទៅ១៩ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេស មានចំនួន ៣២ម៉ឺន ៥,០៧៧នាក់ កើនឡើង ១៧.៣២% ធៀបនឹងថ្ងៃទី២ ហើយបើធៀបនឹងថ្ងៃទីមួយ គឺកើនឡើងដល់ទៅ ៣៩.៣២% ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត នៅតែមានអ្នកទៅលេងច្រើនជាងគេ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣២ម៉ឺន៥,០៧៧នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣២ម៉ឺន២,៣៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៦៩៧នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាបមានចំនួន ៤ម៉ឺន៥,៩០៦នាក់
* ខេត្តកំពតមានចំនួន ៤ម៉ឺន១,៨៧៥នាក់
* ខេត្តកែបមានចំនួន ៤ម៉ឺន០,៥៩៦នាក់
* ខេត្តបាត់ដំបងមានចំនួន ៣០,៧៤៥នាក់
* ខេត្តព្រះសីហនុមានចំនួន ២ម៉ឺន៥,៣៧៣នាក់
* ខេត្តពោធិ៍សាត់មានចំនួន ១ម៉ឺន៥,៦៣៣នាក់
* ខេត្តព្រះវិហារមានចំនួន ១ម៉ឺន៤,៣៨៥នាក់
* ខេត្តកណ្តាលមានចំនួន ១១,០៣៤នាក់
* ខេត្តកំពង់ឆ្នាំងមានចំនួន ១ម៉ឺន០,៤៣០នាក់
* ខេត្តរតនគិរីមានចំនួន ៩,៧០៤នាក់
* ខេត្តមណ្ឌលគិរីមានចំនួន ៨,៤៥៣នាក់។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែសីហា គឺមានចំនួន ៨៣ម៉ឺន៥,៤៨៤នាក់»។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។