អាជ្ញាធរ ចុះឃាត់គ្រឿងចក្រ កំពុងធ្វើសកម្មភាពជីកកកាយយកអាច៍ដី ក្នុងផ្ទៃបាតស្ទឹងសរីសោភ័ណ

បន្ទាយមានជ័យ៖ កាលពីរសៀល ថ្ងៃទី២០ សីហា ម្សិលមិញ ក្រោយទទួលព័ត៌មានរាយការណ៍ពី អាជ្ញាធរក្រុងសិរីសោភ័ណ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរក្រុង រួមជាមួយកងកម្លាំងសមត្ថកិច្ច ចុះឃាត់គ្រឿងចក្ររបស់ឈ្មួញ ដែលកំពុងធ្វើសកម្មភាពជីកកកាយយកអាចន៍ដី ក្នុងផ្ទៃបាតស្ទឹងសរីសោភ័ណ ជាប់ទីតាំងក្បាលស្ពានទឹកថ្លា (ស្ពានដែកពីសង្គម) ដោយគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវ មករក្សាទុកជាបណ្តោះអាសន្ន នៅប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា។

រដ្ឋបាលខេត្ត បញ្ជាក់ថា កន្លងមកក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ប្រធានអង្គប្រជុំ ធ្លាប់បានណែនាំដល់ជំនាញធនធានទឹកខេត្ត និងអាជ្ញាធរក្រុង សង្កាត់ឲ្យចុះពិនិត្យមើលណែនាំដល់ក្រុមឈ្មួញខាងលើ ឲ្យបញ្ឈប់សកម្មភាពកាយ តែនៅតែលួចបន្តធ្វើសកម្មភាពមក។
ស្របពេលក្នុងឱកាសថ្ងៃសម្រាកសងបុណ្យចូលឆ្នាំ មន្ត្រីរាជការឈប់សម្រាក ជាក់ស្តែងថ្ងៃទី២០ សីហា ឆ្នាំ២០២០ សកម្មភាព នៃការជីកកកាយ បានធ្វើឲ្យរាល់ដាលកាន់តែខ្លាំងដល់ចំណុចសសរជើងស្ពានដែក ដែលបន្សល់ទុកពីសម័យសង្គមមក ដែលបច្ចុប្បន្នថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ លោកបានយកចិត្តទុកដាក់ ធ្វើការរក្សាអភិរក្សរៀបចំកែលម្អទុក ដើម្បីកូនចៅជំនាន់ក្រោយបានឃើញ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កន្លងមក ដោយគំនិតចង់អភិរក្សរក្សាការពាររៀបចំបន្ថែមនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ខេត្ត រៀបចំឲ្យមានជាសួនផ្កាចម្រុះ និងភ្លើងបំភ្លើពេលរាត្រី នៅម្ខាងស្ពានក៍មានរៀបចំជាសួន និងរូបសំណាកលោកយាយសំផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត សូមបញ្ជាក់ ជូនសាធារណៈមតិ និងបណ្តាញផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថា ជុំវិញករណីខាងលើនេះ ខេត្តមិនបានអនុញ្ញាតឲ្យមានការជីកកកាយយ៉ាងអនាធិបតេយ្យដូចពាក្យចោតប្រកាន់ បំភ្លើស បំផ្លៃផ្ទុយពីការពិត និងចោតរិះគន់មកលើអាជ្ញាធរខេត្ត ឯកឧត្តម អភិបាលខេត្ត ថាមានការអនុញ្ញាតនោះ។
ផ្ទុយទៅវិញ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំគិតគូររៀបចំឲ្យមានសួនច្បារ ភ្លើងបំភ្លឺ និងហើយថ្ងៃនេះក្រោយទទួលបានព័ត៌មាន សេចក្តីរាយការណ័របស់លោកហ៊ឹល រ៉ាយ៉ា អភិបាលភ្លាមៗ លោកបានបញ្ជាឲ្យចុះឃាត់គ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពជាបណ្តោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។