ភ្នំ​ប្រាសាទ សាងសង់ឡើង​នៅ​អំឡុង​ដើម សតវត្សរ៍​ទី​៧ ក្នុង​រជ្ជកាល​ព្រះបាទ ជ័យ​វរ្ម័នទី​១

​ភ្នំ​ធម្មជាតិ ដែលមាន​តម្លៃ​ផ្នែក​ប្រវត្តិសាស្ត្រ ព្រោះ​ជា​ភ្នំ​ដែល​គេ​អាច​ឃើញ​មាន​នៅសល់​ខឿន​ប្រាសាទបុរាណ​ស្ថិតក្នុង​រចនាបថ​ក្រុម​ប្រាសាទ សំបូរ​ព្រៃ​គុក ព្រោះ​បាន​សាងសង់ឡើង​ពី​ប្រភេទ​ឥដ្ឋ​ដុត ក្នុងអំឡុង​ដើម សតវត្សរ៍​ទី​៧ នៃ​គ្រឹ​ស្ត​សករាជ ពោលគឺ ស្ថិតក្នុង​រជ្ជកាល​ព្រះបាទ ជ័យ​វរ្ម័នទី​១​។​

​រូបរាង​ប្រាសាទ​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន​នេះ​ត្រូវបាន​ដួលរលំ​ខូចខាត​ដោយ​ការ​លបលួច​គាស់​រំលើង​ជីក​កកាយ​រក​វត្ថុ​បុរាណ​មានតម្លៃ​ពី​សំណាក់​ទុច្ចរិត​ជន​នៅ​ចុងឆ្នាំ​១៩៨៣​។ លុះ​ដើមឆ្នាំ​១៩៨៤ ប្រាសាទ​នេះ​បាន​ដួលរលំ​បាក់បែក​ទាំងស្រុង គួរឱ្យ​សោក​សង្វេគ​។ មិនដឹងថា​នៅមាន​សល់​ផ្តែរ និង​ប​ល្ល័​ង្គ​ឬទេ ហើយ​បច្ចុប្បន្ន​ក៏​មិនដឹងថា គេ​រក្សាទុក​នៅឯណា​ដែរ​។ សំណួរ​នេះ​ផ្តល់ឱកាស​ដល់​យុវជន​សិក្សា និង​ស្រាវជ្រាវ​។ ។​

​ភ្នំ​ប្រាសាទ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤០០​ហិកតា និង​មាន​កំពស់ ជាង ៣០០​ម៉ែត្រ​។ ភ្នំ​ប្រាសាទ​ស្ថិតនៅ​ភូមិ​ភ្នំ​ប្រាសាទ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ភ្នំ​នេះ ជា​ប្រភេទ​ភ្នំ​ដី​គ្រួស​ក្រហម និង​ថ្ម បាយក្រៀម​ដែល​បានកើត​ចេញពី​បាតុភូត​ប​ន្ទុះ​ភ្នំភ្លើង​។​

​តំបន់ភ្នំ​ប្រាសាទ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​លេខ​១០៦ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: តែ​មិនទាន់មាន​បោះបង្គោល​ព្រំប្រទល់​ដោយមាន​កំណត់​និយាម​កា​ច្បាស់លាស់ និង​ចុះបញ្ជី​ជា​ដី​សាធារណ​:​របស់​រដ្ឋ​នៅឡើយ​ទេ​។ សូមបញ្ជាក់ថា រដ្ឋាភិបាល​ចេញ​លិខិត​លេខ​១៣៤៥ សជណ​.​កស ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឱ្យ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​រក្សាទុក​តំបន់​សា្ថ​នី​យ​បុរាណ​ចំនួន​១៧៣​ទីតាំង នៅតាម​តំបន់ភ្នំ ក្នុង និង​ក្រៅ​តំបន់ការពារធម្មជាតិ ជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​សម្រាប់​កេរ្តិ៍មរតក​មនុស្សជាតិ​គ្រប់​ជំនាន់ ក្នុងនោះ​មាន​ភ្នំ​ប្រាសាទ​ផងដែរ​។​

​ក្រុមការងារ​បាន​ចុះទៅ​ដល់ទី​តាំង​ដែលមាន​គ្រឹះ​ប្រាសាទបុរាណ​នេះ នៅ​ខែកក្កដា ឆ្នាំ​២០១៩ និង​សូម​ជូនពរ​អ្នកអាន​គ្រប់រូប​សូម​ជួបប្រទះ​នូវ​សុខ​ភាពល្អ និង​សុភមង្គល​៕

​ប្រភព​៖ Heritages Dairy-​បេតិកភណ្ឌ​ប្រចាំថ្ងៃ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close