ខេត្តព្រះវិហារ ទទួលភ្ញៀវ​ទេសចរ​ជិត ៤​ម៉ឺន​នាក់ ត្រឹមតែ​ពេល​៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​នេះ​

​ព្រះវិហារ​៖ រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ ចាប់តាំងពី​ថ្ងៃទី​១៧-១៩ ខែសីហា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជិត ៤​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​មកលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តព្រះវិហារ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ លោក គង់ វិបុល បាន​ឲ្យ​ដឹងថា ត្រឹម​រយៈពេល​៣​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​១៧-១៨-១៩ ខែសីហា ភ្ញៀវ​ជាតិ​ចំនួន ៣៧,១១៨​នាក់ និង​ភ្ញៀវ​អន្តរជាតិ ១៦៧​នាក់ បាន​មកលេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ទៀតថា តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដែល​ភ្ញៀវ​តែងតែ​មកលេង​កម្សាន្ត រួមមាន ប្រាសាទព្រះវិហារ ទឹកធ្លាក់​ភ្នំ​ត្បែង ប្រាសាទ​កោះកែរ ទឹកជ្រោះ​ព្រះ​និម្មិត ក៏ដូចជា​រមណីយដ្ឋាន​នានា​ជាច្រើន​កន្លែង​ទៀត​។ លោក​ថា រយៈពេល​៣​ថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ គឺមាន​ភ្ញៀវ​ពេញៗ​បន្ទប់​ទាំងអស់​។​

​លោក គង់ វិបុល បាន​ថ្លែងថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ក៏​ច​ជាការ​ណែនាំ​របស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​ទេសចរណ៍​បានរៀបចំ​ការអនុវត្ត​ន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​ក្នុងដំណាក់កាល​កូ​វីដ​-១៩ នៅតាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​។​

​ជាមួយគ្នានេះដែរ លោក​ប្រធាន​មន្ទីរ​ក៏បាន​ណែនាំ​ចំពោះ​ភ្ញៀវទេសចរ​ទាំងអស់ សូម​មាន​វិធានការ​ការពារ​ដោយ​ខ្លួនឯង​ពី​ជំងឺ​កូ​វីដ​.១៩ និង​បាន​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​បាន​យ៉ាង​ល្អ​ផងដែរ​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close