ទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី ទាញ​កាំបិត​ចាក់​គ្នា ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

​ខេត្តកណ្តាល​៖ យុវជន​១​ក្រុម ផឹកស៊ី​ស្រវឹង​បាន​ទាស់សម្តី​គ្នា រហូត​ឈានដល់ យក​កាំបិត​ចាក់​គ្នា បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ករណីនេះ បាន​បង្ក​ឲ្យ​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ សឿង សំបូរ ហៅ​ភ្លោះ​ធំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួនបាត់​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ លី ពិសី ហៅ​ពីរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ថតរូប​, ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ យុវជន​ទាំង​២​នាក់ បាននាំគ្នា​ផឹកស៊ី​ជុំគ្នា លុះ​ក្រោយ​ពុំ​ដឹង​ជាមាន​រឿង​អ្វី ក៏​កើតជា​ទំនាស់​ពាក្យសម្តី​គ្នា ហើយ​យុវជន​សង្ស័យ បាន​យក​កាំបិត​ចុង​ស្រួច​មកចាក់​លើ​យុវជន​រងគ្រោះ បណ្ដាល​ឲ្យ​របួសធ្ងន់ រួច​ក៏​គេចខ្លួន​បាត់ស្រមោល រីឯ​ជនរងគ្រោះ​ដោយសារ​របួសធ្ងន់​ពេក បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ និង​បាន​កសាង​សំណុំរឿង ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close